ប្រទេសសិង្ហបុរី យើងដឹងយ៉ាងច្បាស់ថាប្រទេសនេះមានផ្ទៃដីតូចប្រមាណ ៧០០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ (ធៀបនឹងរាជធានីភ្នំពេញដែលមានទំហំ ៦០០ គីឡូម៉ែត្រការ៉េ) ប៉ុន្តែមានពលរដ្ឋរស់នៅរហូតដល់ ៥.៧ លាននាក់ បើគិតជាដង់ស៊ីតេប្រជាជនធៀបនឹងផ្ទៃដី គឺលំដាប់ខ្ពស់ទី២ នៅលើពិភពលោក (នៅពីក្រោយតែទីក្រុង Monaco ប៉ុណ្ណោះ)។ ដូចនេះយើងប្រហែលជាគិតថា ប្រទេសសិង្ហបុរីប្រាកដជាមានអគារខ្ពស់ដុះឡើងកកកុញ ជាទីក្រុងចង្អៀត មានបញ្ហាកង្វះទីធ្លារ និងគ្មានលំហបៃតងជាដើម។ ផ្ទុយទៅវិញ សិង្ហបុរីបានផ្ដល់មេរៀនយ៉ាងសំខាន់ដល់ពិភពលោក អំពីការធ្វើនគរូបនីយកម្មទីក្រុងទំនើប ច្របាច់ចូលជាមួយលំហបធម្មជាតិសម្រាប់រស់នៅប្រកបដោយនិរន្តរភាព។
១. ការបាត់បង់ធម្មជាតិនៅសិង្ហបុរី
ចាប់តាំងពីទឹកដីឧបទ្វីបម៉ាឡេ ត្រូវបានដាក់អាណានិគមរបស់អង់គ្លេសក្នុងឆ្នាំ ១៨១៩ កោះសិង្ហបុរីត្រូវបានផ្លាស់ប្ដូរទាំងស្រុង ដោយរដ្ឋបាលអង់គ្លេសបានកែប្រែកោះនេសាទមួយនេះ មានការឈូសឆាយនូវដំណាំកសិកម្មចេញស្ទើរទាំងស្រុង( ប្រមាណ ៩៥%) រៀបចំជាទីក្រុងរដ្ឋបាលថ្មីមួយនៅជ្រោយម៉ាឡាកា សម្រាប់បម្រើឧស្សាហកម្មកំពង់ផែ ឃ្លាំងស្ដុកទំនិញ និងសេវាកម្មផ្សេងៗទៀត។ នៅពេលនោះ សិង្ហបុរី បានបាត់បង់ព្រៃឈើប្រមាណ ៩០% ហើយសត្វស្លាប ៦៧% និងថនិកសត្វចំនួន ៤០% ត្រូវបានបាត់បង់ក្រោយការធ្វើនគរូបនីយកម្មទីក្រុងនេះ។
២. ការរៀបចំ Garden City ឡើងវិញ
រហូតមកដល់ឆ្នាំ១៩៦៧ ក្រោយពេលដែលប្រទេសសិង្ហបុរីទទួលបានឯករាជ្យពេញលេញ នាយករដ្ឋមន្ត្រី លី ក្វាន់យូ បានដាក់ចេញនូវផែនការរៀបចំប្រទេសឡើងវិញហៅថា Garden City ដោយរួមមានការអភិរក្សនូវធនធានធម្មជាតិព្រៃឈើ ប្រឡាយ បឹងបួ -ល-។ ក្នុងដំណើរការរក្សាលំហបៃតង បានចោតឡើងជាបញ្ហាយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទីក្រុង ដោយសារកង្វះខាតទីធ្លារ លើសពីនេះបញ្ហាបំពុលបរិស្ថានក៏កើនឡើងខ្លាំងផងដែរ នៅក្នុងឆ្នាំ១៩៩៦ សិង្ហបុរីមានកម្រិតបំពុលបរិយាកាសខ្ពស់ជាងគេបំផុត ព្រោះមានការអភិវឌ្ឍន៍ឧស្សាហកម្មចម្រុះជាច្រើន។ ហេតុនេះហើយ ទើបរដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញនូវផែនការ Singapore Green Plan (SGP) គិតពីឆ្នាំ ២០០២-២០១២ ដើម្បីផ្ដោតលើការដោះស្រាយ៖
•បញ្ហាគុណភាពខ្យល់ និងបម្រែបម្រួលអាកាសធាតុ
•បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ និងការរក្សាបឹងបួ (water catchment area)
•ការអភិរក្សធម្មជាតិលំហបៃតង និងសុខភាពសាធារណៈ
រយៈពេល ១០ ឆ្នាំក្រោយការអនុវត្តផែនការ SGP ប្រទេសសិង្ហបុរី បានចូលរួមដោះស្រាយនូវការអភិវឌ្ឍន៍ជាច្រើន ដោយរួមមានអប់រំការយល់ដឹង កែប្រែហេដ្ឋារចនាសម្ព័ន្ធ គម្រោងវិនិយោគដោយមិនប៉ះពាល់ដល់បរិស្ថាន ហើយលំហបៃតងបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពច្នៃប្រឌិតទីក្រុង ដែលក្រោយមកសិង្ហបុរីត្រូវបានគេស្គាល់ថាជា biophilic city ឬជាទីក្រុងជីវសាស្ត្រ។
៣. អ្វីទៅជាទីក្រុងជីវសាស្ត្រ (biophilic city)?
នៅក្នុងភាសាអង់គ្លេសពាក្យថា bio គឺមានន័យថាមានជីវិត សំដៅទៅលើធម្មជាតិមានចម្រុះជីវិតមនុស្សសត្វនិងរុក្ខជាតិ ចំណែកពាក្យ philia មានន័យថា friendly ឬក៏ជិតស្និត។ ដូចនេះមាន biophilic city សំដៅទៅលើទីក្រុងដែលពោពេញទៅដោយធម្មជាតិ រស់នៅយ៉ាងជិតស្និតជាមួយធម្មជាតិ។ ហើយនៅក្នុងឆ្នាំ ២០១៣ សិង្ហបុរី បានចូលជាសមាជិកនៃអង្គការ Biophilic City ត្រូវបានទទួលស្គាល់ជុំវិញពិភពលោកថា ជាទីក្រុងដោយគ្របដណ្ដប់ដោយធម្មជាតិ ការរក្សាទីធ្លារបៃតង និងការច្នៃប្រឌិតធម្មជាតិ ច្របាច់បញ្ចូលទៅក្នុងការរស់នៅទីក្រុងទំនើប។ ដូចនេះ នូវរាល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានា រដ្ឋាភិបាលតែងលើកទឹកចិត្តឲ្យមានការរៀបចំសួនបៃតងនៅលើដំបូលអគារ ឬជុំវិញអគារ ដែលយើងអាចមើលគម្រូនូវអាកាសយានដ្ឋាន Changi Airport ដែលមានទាំង ទឹកធ្លាក់ សួនផ្ការ សួនមេអំបៅ -ល- នៅខាងក្នុងអគារតែម្ដង។
៤. អេកូឡូស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងគម្រោងអភិវឌ្ឍន៍
អំឡុងឆ្នាំ ២០០៩ មានអគារប្រហែល ១០០ បានចាប់ផ្ដើមកែប្រែដំបូលអគាររបស់ខ្លួនផ្សាភ្ជាប់ទៅនឹងអេកូឡូស៊ី ដូចជាការរៀបចំសួនលើដំបូល rooftop garden, ការដាំដំណាំងាយស្រួល, និងរៀបចំជញ្ញាំងបៃតងតាមវេរ៉ង់ដា ជាដើម។ ចំណែក គម្រោងនៃការអភិវឌ្ឍន៍អចលនទ្រព្យក្រោយៗមកទៀត លំហៃបៃតង កាន់តែស្ថិតនៅជាប់ក្នុងប្លង់របស់គេជានិច្ច ហើយគេជឿថា ភាពបៃតងលើការរចនាអគារផ្សេងៗ វាបានជួយដល់មួយផ្នែកទៅដល់ការកាត់បន្ថយកម្ដៅ ការបន្សុទ្ធខ្យល់ក្នុងបរិយាកាសរស់នៅ និងធ្វើឲ្យទីក្រុងមានសោភ័ណភាពស្អាតផងដែរ។ អ្នកស្រាវជ្រាវបានលើកឡើងថា នៅក្នុងវិបត្តិជំងឺកូវីដ-១៩ យើងបានដឹងកាន់តែច្បាស់ថា ធម្មជាតិមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជីវិតមនុស្ស ចំណុចទាំងនេះហើយ ដែលសិង្ហបុរីបានផ្ដល់មេរៀនយ៉ាងល្អសម្រាប់ពិភពលោកនូវការអភិវឌ្ឍន៍ទីក្រុងប្រកបដោយធម្មជាតិ។