កណ្ដាល៖ ក្រោមកិច្ចខិតខំប្រឹងប្រែង ទាំងសំណង់ និងផ្នែកបច្ចេកទេស នៅទីបំផុត អនុស្ថានីយអគ្គិសនី ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានបើកឱ្យដំណើរការហើយ ដើម្បីបំពេញទៅដល់សេចក្ដីត្រូវការ នៃការប្រើប្រាស់ថាមពលអគ្គិសនី របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ស្របតាមការវិវឌ្ឍខ្លួនរបស់សង្គមកម្ពុជាបច្ចុប្បន្ន។
អនុស្ថានីយអគ្គិសនីមុខកំពូល ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល និងមានកម្រិតបច្ចេកទេសតង់ស្យុង ២៣០/១១៥/២២ គីឡូវ៉ុល។ អនុស្ថានីយអគ្គិសនីមុខកំពូល នឹងបង្កើនលទ្ធភាពផ្គត់ផ្គង់ មកប្រព័ន្ធផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញ តាមរយៈខ្សែបញ្ជូនតង់ស្យុង ១១៥ គីឡូវ៉ុល ដែលនឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២១ ខាងមុខនេះ ជាមួយកម្លាំងប្រមាណ ១៥០ មេហ្កាវ៉ាត់បន្ថែម។
តាមរយៈការបញ្ជាក់របស់ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា អនុស្ថានីយអគ្គិសនីថ្មីនេះ នឹងផ្គត់ផ្គង់ផ្ទាល់ឲ្យមួយផ្នែកនៃរាជធានីភ្នំពេញ (ខណ្ឌជ្រោយចង្វារ) ខេត្តកណ្តាល (ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ) និងខេត្តកំពង់ចាម (ស្រុកបាធាយ ស្រុកកងមាស) ដែលតំបន់ទាំងនេះ យកអគ្គិសនីពីរាជធានីភ្នំពេញ ដែលការផ្គត់ផ្គង់មានការរអាក់រអួលខ្លះ ដោយសារចម្ងាយឆ្ងាយពីប្រភព។
អនុស្ថានីយអគ្គិសនីថ្មីនេះ នឹងផ្ដល់ជូននូវការផ្គត់ផ្គង់អគ្គិសនី ទៅដល់ប្រជាពលរដ្ឋ កាន់តែមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភព ខិតមកជិតប្រជាពលរដ្ឋនៅតំបន់នេះ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ប៉ុណ្ណោះទេ វាក៏ផ្នែកមួយនៃគម្រោងបណ្តាញ ជាកងជុំវិញរាជធានីភ្នំពេញ ដែលតភ្ជាប់ពីស្រុកឧដុង្គ មកស្រុកមុខកំពូល និងបន្តទៅភ្ជាប់ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងក្រុងតាខ្មៅ រួមនឹងរោងចក្រផលិតអគ្គិសនីដើរដោយប្រេង/ឧស្ម័ន ៤០០ មេហ្កាវ៉ាត់ ដែលវិនិយោគដោយរាជរដ្ឋាភិបាល។
អនុស្ថានីយអគ្គិសនីមុខកំពូល ជាសមិទ្ធផលផ្លែផ្កា បានពីកិច្ចសហការគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនី និងចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត៕
ប្រភព៖ EDC