សួនកំសាន្តបែបអឺរ៉ុបដំបូងបង្អស់ នៃរាជធានីភ្នំពេញ ក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់ភ្ញៀវមកដើរលំហែរ និងថតរូបកំសាន្ដ

ប្រសិនបើអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ចំងាយប្រហែល ២ គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) យើងនឹងប្រទះឃើញនូវគម្រោងលំនៅដ្ឋានជាច្រើនរបស់បុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ គឺគម្រោង ដឹ ហ្រ្គេនស្ដាផ្លាទីនីម។ មកដល់វិថីប៉ូឡារីស គឺជាតំបន់ពាណិជ្ជកម្មដ៏ធំមួយ ដែលរួមមាន ភីអេចអេកូម៉ល ជាផ្សារទំនើបដ៏ធំកំពុងដំណើរការសាងសង់ អមទៅដោយផ្ទះហ្សបហោស៍ (Shop House) ចំរុះពណ៌ជាច្រើនអមតាមបណ្ដោយវិថី និងមានខុនដូ The Star Polaris 23, សាលារៀន វីឡាទោល វីឡាភ្លោះ និងភូមិគ្រឹះនៅក្នុងគម្រោងផ្សេងៗជាច្រើនទៀត។ អ្វីដែលកាន់តែទាក់ទាញ គឺសួនកំសាន្ដបែបអឺរ៉ុបដំបូងក្នុងប្រទេសកម្ពុជា ក៏ស្ថិតនៅក្នុង គម្រោង ដឹហ្គ្រេនស្ដាផ្លាទីនីម​ នេះផងដែរ ហើយកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនក្នុងមួយថ្ងៃៗ។

សួនកម្សាន្ដអឺរ៉ុបនេះ មានឈ្មោះថា យូរ៉ូផាក (Euro Park) ស្ថិតនៅគម្រោងដឹស្ដាផ្លាទីនីម យូរ៉ូវីល ដែលជារចនាបថ នៃការប្រមូលផ្ដុំតំបន់ទេសចរណ៍ល្បីៗ អគារតំណាងប្រទេសជាច្រើននៅសហភាពអឺរ៉ុប មកច្របាច់បញ្ចូលគ្នាក្នុងទីតាំងមួយ ហើយនៅពេលខាងមុខ តំបន់នេះនឹងក្លាយទៅជាបណ្ដុំនៃភោជនីយដ្ឋានល្បីៗ និងសួនសម្រាប់មកលំហែកាយដល់ភ្ញៀវទេសចរណ៍ ដែលចង់មកទទួលយកបទពិសោធន៍ភោជនីដ្ឋានបែបអឺរ៉ុប និងតំបន់ទេសចរណ៍ជាច្រើននៅអឺរ៉ុប ដែលប្លែកភ្នែកមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

បើទោះជាសួនកម្សាន្ដបែបអឺរ៉ុបនេះ មិនទាន់បានបើកសម្ពោធជាផ្លូវការនៅឡើយ ប៉ុន្ដែសួននេះបានទាក់ទាញភ្ញៀវមកលេងកំសាន្ដយ៉ាងច្រើនជារៀងរាល់ថ្ងៃ ដែលភាគច្រើនមកជាលក្ខណៈគ្រួសារ មិត្តភក្ដិ និងការមកថតកម្មវិធីនានា រួមមានការថតអាពាហ៍ពិពាហ៍, ថត Pre-Wedding, ថតបញ្ចប់ការសិក្សា, និងថតកំសាន្ដផ្សេងៗ -ល- ជាមួយនឹងបរិយាកាសស្រស់ស្រាយ ទេសភាពស្រស់បំព្រង អមដោយរុក្ខជាតិបៃតង និងមានការថែទាំ សម្អាតជាប្រចាំផងដែរ។