ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ដែលបច្ចុប្បន្នបានកំពុងរស់នៅ ឬស្ថិតក្នុងតំបន់ក្រហម ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងរាជធានីភ្នំពេញ បានកំពុងបន្តធ្វើចត្តាឡីស័ក និងរស់នៅផ្ដាច់ខ្លួនពីតំបន់ផ្សេងៗ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ការរស់នៅនោះ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់លក់នូវស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគផងដែរ ក្រោមការដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម។
ប្រភពព័ត៌មានផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះបានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហមទាំងអស់ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល ដោយមិនឱ្យដាច់ស្បៀងនោះឡើយ បើទោះបីជាបងប្អូនពុំអាចធ្វើដំណើរចេញមកក្រៅក៏ដោយ តែជាការលះបង់រយៈពេលខ្លីប៉ុណ្ណោះ។ ដើម្បីធានាទៅដល់ការរស់នៅប្រចាំថ្ងៃ អាហារ និងស្បៀងជាច្រើន ត្រូវបានរៀបចំជាពិសេសពីក្រសួងពាណិជ្ជកម្ម ដោយបានធ្វើការពិនិត្យទៅលើគុណភាព និងតម្លៃផងដែរ។
ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការលក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់ក្រសួងពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានធ្វើការតាមដាន ត្រួតពិនិត្យទៅលើគុណភាព និងសន្ទស្សន៍ថ្លៃទំនិញជាប្រចាំ ក្រោមការដឹកនាំដោយនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាស្ថាប័នជំនាញរបស់ក្រសួងផ្ទាល់។ ការធ្វើបែបនេះ គឺដើម្បីធានាទៅដល់ការទទួលទាន ការរស់នៅរបស់ពលរដ្ឋ និងទប់ស្កាត់មិនឱ្យមានជនខិតខូចឆ្លៀងឱកាសលក់ឡើងថ្លៃ ស្របពេលប្រទេសស្ថិតក្នុងគ្រាលំបាកឡើយ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន ៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន ១១ទីតាំង ដែលមាន ២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត ដែលត្រូវបានត្រួតពិនិត្យគុណភាព និងតម្លៃ យ៉ាងយកចិត្តទុកដាក់ខ្ពស់។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ២៣ រហូតមកដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ការលក់នៅតាមស្តង់ទាំង ១១ ទីតាំង របស់ក្រសួងទទួលបានលទ្ធផលដូចជា៖
• លក់អង្ករបាន ១,៣៦២បាវ
• មីជាតិ ៤,៣៣១កេស
• ទឹកត្រី ១,២២៧យួរ
• ទឹកស៊ីអ៊ីវ ១,១៩១យួរ
• ត្រីខ ២,៧៦៣យួរ
• ឆៃប៉ូវ ៤៨៣ថង់
• ទឹកសុទ្ធ ៨៨កេស
ការលក់ខាងលើនេះ គឺស្ថិតក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។ម្យ៉ាងទៀត ក្រសួងក៏បានចាត់មន្ត្រីជំនាញរបស់ខ្លួន ឱ្យបន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ថ្លៃទំនិញតាមទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឱ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឱ្យមានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់ផងដែរ៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម