បន្ទាប់ពីបានបើកការដ្ឋានកាលពីខែមីនា ឆ្នាំ២០១៩ មានរយៈពេលជាង ២ ឆ្នាំហើយ ដែលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្ដើមដំណើរការសាងសង់ ហើយមកទល់ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បាននិងកំពុងបន្ដរការងារសម្រេចបានប្រមាណ ៥០% មកហើយ ដោយចាប់ផ្ដើមអ៊ុតកៅស៊ូនៅតំបន់ក្រាលថ្មនិងបានចាក់បេតុងរួចរាល់ក្នុងផ្នែកទី១ និងការតភ្ជាប់ស្ពានអាកាសផ្លាស់ប្ដូរទិសទី១ ប្រើប្រាស់បច្ចេកទេស Box Girder ជិតរួចរាល់។ គម្រោងនេះនឹងបញ្ចប់ទៅតាមផែនការ នៅអំឡុងខែមីនា ឆ្នាំ២០២៣ សម្រាប់សម្ពោធប្រើប្រាស់នៅពាក់កណ្ដាលឆ្នាំ២០២៣ តែម្ដង។
ទំព័រហ្វេសប៊ុកផ្លូវការ Phnom Penh-Sihanouk Ville Expressway បានបង្ហាញថា វិបត្តិកូវីដ-១៩ នៅកម្ពុជា មិនបានបង្អាក់ដំណើរការនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនោះទេ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្ដល់វ៉ាក់សាំងជូនចំពោះបុគ្គលិកធ្វើការគម្រោងនេះ ដើម្បីឲ្យប្រតិបត្តិការអាចប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហារាំងស្ទះ ដូចនេះយើងមានរយៈពេល ២ ឆ្នាំទៀត ដើម្បីពុះពារបញ្ចប់គម្រោង ៥០% ដែលនៅសេសសល់។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដោយចំណាយទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារជាទម្រង់វិនិយោគ BOT (Build-Operation-Transfer) ដើម្បីតភ្ជាប់ការធ្វើដំណើរដ៏មានប្រសិទ្ធភាពរវាង រាជធានី ជាមួយតំបន់ឈូងសមុទ្រភាគនិរតី ដែលជាច្រកចេញចូលផ្លូវទឹកដ៏សំខាន់នៃប្រទេសកម្ពុជា និងជាការតភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំងពីរ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៩០ គីឡូម៉ែត្រ មានស្ពានតូចធំសរុប ៨៩ កន្លែង, កន្លែងឈប់សម្រាក ៤ កន្លែង, កន្លែងបញ្ជាបង់ប្រាក់ ៨ កន្លែង, ស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនកន្លែង, ព្រមទាំងមានរនាំងសងខាងផ្លូវសម្រាប់ការពារពីសត្វពាហនៈឆ្លងកាត់ផងដែរ។ ចំណែកទទឹងផ្លូវមានទំហំ ២៤.៥ ម៉ែត្រ អាចបើកបរ ៤ គន្លងរថយន្ដ និងល្បឿនបើកបរអតិប្បរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលផ្លូវល្បឿនលឿននេះ ចាប់ផ្ដើមចេញពីផ្លូវទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រហូតទៅដល់ផ្លូវជាតិលេខ៤ ចំណុចក្បែរផ្លូវចូលក្បាលឆាយ ក្រុងព្រះសីហនុ។
គម្រោងផ្លូវល្បឿនលឿនដំបូងក្នុងប្រទេសកម្ពុជានេះ រំពឹងថានឹងអាចទាញភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំង ២ ឲ្យកាន់តែកៀកគ្នា កាត់បន្ថយរយៈពេលធ្វើដំណើររវាងភ្នំពេញ-ព្រះសីហនុពី ៥ មកម៉ោង (តាមផ្លូវជាតិលេខ ៤) មកត្រឹមតែ ២ ម៉ោងកន្លះប៉ុណ្ណោះ។ ដូចនេះផ្លូវល្បឿនលឿន នឹងបម្រើយ៉ាងសំខាន់ដល់វិស័យទេសចរណ៍ អភិវឌ្ឍន៍វិស័យភស្ដុភារកម្ម កាត់បន្ថយរយៈពេលធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ហើយក៏សម្រួលដល់ការធ្វើចរាចរណ៍តាមដងផ្លូវជាតិលេខ ៤ ដែលជាផ្លូវមមាញឹកបំផុតមួយក្នុងប្រទេសកម្ពុជាផងដែរ។