ស្របពេលដែលពិភពលោកទាំងមូល កំពុងនាំគ្នាប្រឈមមុខនឹងវិបត្តិបញ្ហាជំងឺ Covid-19 បានធ្វើសេដ្ឋកិច្ចនៅបណ្ដាប្រទេសមួយចំនួនទទួលរងភាពអវិជ្ជមានផងដែរ។ ដោយឡែក សម្រាប់ប្រទេសវៀតណាមវិញ ឃើញថានៅតែអាចរក្សាលំនឹងសេដ្ឋកិច្ចរបស់ខ្លួនឲ្យស្ថិតក្នុងភាពល្អប្រសើដដែល ជាពិសេសគឺការស្រូបទាញយកការវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសខ្លួនតែម្ដង។ ដោយប្រទេសវៀតណាមនៅតែជាទិសដៅវិនិយោគដ៏មានប្រជាប្រិយភាពសម្រាប់វិនិយោគិនបរទេស ហើយតម្លៃដែលបានមកពីការវិនិយោគពីបរទេសទាំងអស់នោះ គិតជាទឹកប្រាក់ស្មើនឹង 14 ពាន់លានដុល្លារអាមេរិក ដោយគិតត្រឹមអំឡុងពេល 5 ខែដំបូងនៃឆ្នាំនេះបុ៉ណោះ។ នេះបើយោងតាមសារព័ត៌មាន Vietnamplus បានចុះផ្សាយ។
ប្រទេសវៀតណាមបានទាក់ទាញក្រុមហ៊ុនវិយោគផ្ទាល់ពីបរទេសធំៗ ជាច្រើន។ ជាក់ស្តែងមានដូចជាក្រុមហ៊ុន the Regent Garment Factory Ltd របស់ហុងកុងកំពុងតែស្នើសុំបើកដំណើរការរោងចក្រថ្មីមួយបន្ថែមទៀត ដោយមានទំហំទឹកប្រាក់ប្រមាណជាង 35 លានដុល្លារអាមេរិក។ លើសពីនេះ វៀតណាមក៏បានទទួលវិនិយោគិន 5 ក្រុមហ៊ុនផ្សេងទៀតដែលទទួលបានអាជ្ញាប័ណ្ណវិនិយោគនៅក្នុងតំបន់ឧស្សាហកម្មភាគខាងត្បូងនៃខេត្ត Binh Duong ប្រទេសវៀតណាមផងដែរ។
មិនតែប៉ុណ្ណោះការវិនិយោគដែលធំបំផុតគឺបានមកពីក្រុមហ៊ុន Far Eastern Group របស់តៃវ៉ាន់ បូករួមនឹងទំហំទឹកប្រាក់បន្ថែមចំនួន 610 លានដុល្លារសម្រាប់ការវិនិយោគរោងចក្រ Polytex Far Eastern ដែលបានវិនិយោគជិតអស់ទឹកប្រាក់ 600 លានដុល្លារ កន្លងមកហើយ។ ស្របគ្នានេះផងដែរ ក្រុមហ៊ុន Cheng Loong Group ដែលមកពីកោះតៃវ៉ាន់ បានសម្រេចចិត្តបន្ថែមទឹកប្រាក់វិនិយោគចំនួន 100 លានដុល្លារបន្ថែមទៀតទៅលើរោងចក្រក្រដាសរបស់ខ្លួនដែលបានវិនិយោគអស់ទឹកប្រាក់ ប្រមាណជា 1 ពាន់លានដុល្លារ ហើយគម្រោងនេះទៀតសោត ត្រូវបានផ្តល់អាជ្ញាប័ណ្ណកាលពីចុងឆ្នាំ 2015 មកម្ល៉េះ។
ក្នុងនោះមានក្រុមហ៊ុនដ៏ធំមួយទៀតគឺ Procter & Gamble បានចំណាយទឹកប្រាក់វិនិយោគប្រមាណ 44.8 លានដុល្លារអាមេរិកទៅក្នុងគម្រោងមួយ ដែលជាមូលហេតុ ធ្វើឲ្យការវិនិយោគនៅប្រទេសវៀតណាមបង្កើនឡើងបន្ថែមទៀតដល់ទៅ 247.8 លានដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នានេះដែរ ខាងក្រុមហ៊ុន New Motion Private Company Limited របស់សិង្ហបុរីក៏បានដាក់ចេញនូវគម្រោងវិនិយោគថ្មីមួយទៀតដែលមានតម្លៃ 184 លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ខណៈដែលគំរោងវិនិយោគរបស់ក្រុមហ៊ុន ECPVN Binh Duong មានទឹកប្រាក់វិនិយោគប្រមាណជាង 34.4 លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា គម្រោងទាំងនេះបានបង្ហាញថាប្រទេសវៀតណាមនៅតែជាទិសដៅអទិភាពសម្រាប់វិនិយោគិនបរទេស ក៏បើទោះបីប្រទេសនេះកំពុងស្ថិតក្នុងភាព វិបត្តិ Covid-19 ក៏ដោយ។ ជាក់ស្តែងតួលេខពីទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមបានកើនឡើង 0.8% ក្នុងរយៈពេលត្រឹមតែ 5 ខែដំបូងនៃឆ្នាំ 2021នេះប៉ុណ្ណោះ ហើយបើគិតជាទឹកប្រាក់មានចំនួនប្រមាណជា 14 ពាន់លានដុល្លារអាមេរិក។