ប៉េកាំង៖ ទំនប់វារីអគ្គិសនីខ្នាតយក្សធំជាងគេបង្អស់នៅប្រទេសចិន ត្រូវបានបើកឱ្យដំណើរការជាផ្លូវការហើយ បន្ទាប់ពីបានបញ្ចប់ការសាងសង់កាលពេលថ្មីៗកន្លងទៅនេះ។ ទំនប់វារីអគ្គិសនីនេះ នឹងដើរយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទីផ្សារថាមពលទៅដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ និងដឹកនាំឱ្យចិនដើរទៅរកផែនការលុបបំបាត់ការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស ស្របតាមចក្ចុវិស័យរបស់រដ្ឋាភិបាល។
ទំបន់វារីអគ្គិសនី Baihetan ស្ថិតនៅភាគខាងត្បូង ឈាងខាងលិចប្រទេសចិន ស្ថិតនៅព្រំព្រទល់រវាងខេត្ត Yunnan និងខេត្ត Sichuan តាមដងទន្លេវែងជាងគេបំផុតនៅចិន Yangtze គឺជាទប់វារីអគ្គិសនីធំជាងគេទី២ ក្នុងពិភពលោក ត្រូវបានបើកឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។ ទំបន់វារីអគ្គិសនីដ៏ធំមួយនេះ នឹងផ្ដល់ថាមពលសម្រាប់ពលរដ្ឋប្រមាណជា ៥០០,០០០ គ្រួសារ ប្រើប្រាស់ដោយពុំខ្វះខាត សម្រាប់រយៈពេលពេញមួយឆ្នាំ។
លទ្ធភាពរបស់ទំបន់វារីអគ្គិសនីខ្នាតយក្សមួយនេះ នឹងធ្វើឱ្យរដ្ឋាភិបាលចិន ដោះស្រាយតម្រូវការ និងការកើនឡើងនៃការប្រើប្រាស់ថាមពលអគ្គិសនី បានមួយភាគធំ ជាមួយនឹងអានុភាព សរុបមានរហូតដល់ទៅកម្លាំង ១៦ លានគីឡូវ៉ាត់ ឬស្មើនឹង ១៦,០០០ មេហ្គាវ៉ាត់ឯណោះ។ ថាមពលដ៏ច្រើននោះ បានមកពីការទាញយកថាមពលពីចរន្តទឹកហូរ ដោយប្រើប្រាស់ម៉ាស៊ីនខ្នាតយក្សចំនួន ១៦ ដោយក្នុងមួយគ្រឿងមានអានុភាពផលិតបាន ១ លានគីឡូវ៉ាត់ឯណោះ។
ជោគជ័យនៃការសាងសង់ អមមកជាមួយលទ្ធភាពអាចផលិតថាមពលអគ្គិសនីនេះឡើងបាន គឺស្ថិតក្រោមផែនការមេ ដែលចិនកំពុងឆ្ពោះទៅរកនាឆ្នាំ ២០៦០ ខាងមុខ ធ្វើយ៉ាងណាឱ្យប្រទេសចិនកាត់បន្ថយ ការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស ឱ្យបានច្រើនជាអតិបរមា។ យ៉ាងណាក៏ដោយ ផ្សាភ្ជាប់ជាមួយភាពជោគជ័យនេះ ទំនប់វារីអគ្គិសនីនេះ ក៏បានជះឥទ្ធិពល ទៅដល់បរិស្ថាននៅជុំវិញ ជីវភាពរស់នៅរបស់ពលរដ្ឋ ពឹងផ្អែកទៅលើដងទន្លេង Yangtze និងជីវិតសត្វផងដែរ ពិសេសជីវិតរស់នៅផ្នែកខាងក្រោម ដែលមានប្រមាណជា ៦០ លាននាក់។
គួររំលឹកឡើងវិញថា ទំនប់វារីអគ្គីសនីខ្នាតយក្សរបស់ចិនមួយនេះ បានបើកការរដ្ឋានសាងសង់នាឆ្នាំ ២០១៧ កន្លងទៅ ដោយចំនាយទឹកប្រាក់របស់រដ្ឋាភិបាលចិនអស់ប្រមាណជា USD ៦.៣ ពាន់លានដុល្លារអាមេរិក។ ទំបន់វារីអគ្គិសនីដ៏ធំមួយនេះ មានរយៈកម្ពស់សរុប ២៧៧ ម៉ែត្រ ទទឹក ៧២ ម៉ែត្រ អាកាត់ពាក់កណ្ដាលដងទន្លេដ៏ធំល្វឹងល្វើយ។ មិនតែប៉ុណ្ណោះ ទំបន់វារី Baihetan មានលទ្ធភាពស្តុកទឹកបាន ១៧,៩២៤,០០០,០០០ ម៉ែត្រគីប ដែលអាចជួយសង្គ្រោះពលរដ្ឋនៅផ្នែកខាងក្រោម ពីគ្រោះទឹកជំនន់បានផងដែរ៕