ក្រុមហ៊ុនអ៊ីស្រាអែលបានសាងសង់ទីធ្លាបន្ទះថាមពលពន្លឺព្រះអាទិត្យសូឡាធំជាងគេនៅអាមេរិក

ទីវាលសម្រាប់ការដាក់បន្ទះថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយត្រូវសាងសង់ដោយក្រុមហ៊ុន Doral Energy របស់ប្រទេសអ៊ីស្រាអែលនៅរដ្ឋ Indiana ដែលវាជាគម្រោង Mammoth Solar ក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យឲ្យបាន ១.៣ ជីហ្គាវ៉ាត់។ លើសពីនេះ ការស្ថាបនាគម្រោង Mammoth Solar មួយនេះគឺជាគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយដែលនឹងក្លាយជាកន្លែងដាក់បន្ទះសូឡា ធំជាងគេនៅសហរដ្ឋអាមេរិក។

គម្រោងមូយនេះបានចាប់ផ្តើម បើកការដ្ឋានសាងសង់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Gilad Erdan និងភ្ងាក់ងារអង្គការសហប្រជាជាតិជាអគ្គធិបតីផងដែរ។ លោក Erdan បានមានប្រសាសន៍ថា“ គម្រោង Mammoth Solar គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងការពង្រឹងទំនាក់ទំនងរវាងអ៊ីស្រាអែល និងអាមេរិក” ។

ឯកអគ្គរដ្ឋទូតរូបនេះបានបន្ថែមថា“ គម្រោង Mammoth Solar នេះនឹងបង្កើតការងារជាច្រើនដល់ប្រជាជន ហើយក៏នឹងអាចផលិតថាមពលអគ្គិសនីគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ដល់គ្រួសារជាងមួយសែន ៧ ម៉ឺនគ្រួសារជារៀងរាល់ឆ្នាំផងដែរ” ។

គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងស្ថានីយ៍ថាមពលបន្ទះសូឡា Mammoth Solar អ៊ីស្រាអែលក៏មានគម្រោងមួយទៀតឈ្មោះថា Ashalim Power Station ដែលអាចបង្កើតថាមពលបាន ១២១ មេហ្គាវ៉ាត់ផងដែរ។ គម្រោង Ashalim Power Station  នេះ មានទីតាំងនៅទីក្រុង Negevដែលមានផ្ទៃដីប្រមាណជា ៣៩០ ហិកតាសម្រាប់ការសាងសង់បន្ទះសូឡាថាមពលពន្លឺព្រះអាទិត្យដែលអាចទាញយកថាមពលបាន ៣០០ មេហ្គាវ៉ាត់។