ភូកេតរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ 1 លាននាក់ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ខាងមុខ

ប្រតិបត្តិករទេសចរណ៍ប្រចាំតំបន់ភូកេតរំពឹងថាការបើកដំណើរការប្រទេស និងការអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ចេញចូលឡើងវិញនេះនឹងធ្វើឲ្យកំណើនភ្ញៀវអន្តរជាតិអាចកើនឡើងចំនួន 1 លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ខាងមុខនេះ។ ស្របគ្នាដែរ លោក Bhummikitti Raktaengam ប្រធានសមាគមទេសចរណ៍ភូកេតបាននិយាយថា ការកក់ទុកសម្រាប់តំបន់ទេសចរណ៍នៅក្នុងខែវិច្ឆិកាបានកើនឡើង 20% ខណៈពេលដែលការកក់ជើងហោះហើរអន្តរជាតិមួយចំនួនក៏នឹងកើនឡើងដល់ 80% ផងដែរ។

លើសពីនេះ ជើងហោះហើរអន្តរជាតិចំនួន 825 ពីក្រុមហ៊ុនអាកាសចរណ៍ចំនួន 17 ក៏បានបញ្ជាក់ពីតួរលេខនៃការមកដល់ភូកេតក្នុងខែវិច្ឆិកានេះផងដែរ ហើយធៀបនឹងជើងហោះហើរកាលពីខែតុលាគឺមានតែចំនួន 562 ដែលមកពីក្រុមហ៊ុនអាកាសចរណ៍ចំនួន 11 ប៉ុណ្ណោះ។ ដូច្នេះអត្រានៃការមកដល់ពីសំណាក់ភ្ញៀវទេសចរណ៍អន្ដរជាតិក្នុងខែវិច្ឆកានេះអាចកើនឡើងបន្តិចម្តងៗ ពី 25-30% និង 35% នៅក្នុងខែធ្នូ។ ហើយប្រទេសដែលគេរំពឹងទុកថានឹងមកដល់ច្រើនជាងគេនោះគឺរុស្ស៊ី និងឥណ្ឌា ដោយសារតែប្រទេសពីនេះត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជីប្រទេសដែលមានហានិភ័យទាប។

គួរបញ្ជាក់ថា ទោះបីជាមានការបើកច្រកចេញចូលសម្រាប់ស្វាគមន៍ភ្ញៀវទេសចរណ៍អន្ដរជាតិឡើងវិញមែន ក៏ប៉ុន្ដែប្រទេសថៃនឹងមិនភ្លេចអំពីការប្រុងប្រយ័ត្នលើសុត្ថិភាពសុខភាពនោះទេ។ ពោលគឺនៅតែមានការរឹតបន្ដឹងលើការទប់ស្កាត់កុំឲ្យមានការរីករាលដាលជំងឺកូវីដ-19 ដដែល។