ក្រុមហ៊ុនអាកាសចរណ៍ American Airlines លុបចោលជើងហោះហើរជាង 600 កាលពីពេលថ្មីៗកន្លងទៅ

ក្រុមហ៊ុនអាកាសចរណ៍អាមេរិច American Airlines បានប្រកាសកាលពីថ្ងៃអាទិត្យមុននេះថា ជើងហោះហើរប្រមាណជា 634 ត្រូវបានលុបចោលទាំងស្រុង ដែលវាស្មើនឹង 12% នៃប្រតិបត្តិការសរុបរបស់ខ្លួនក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីសប្តាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានលុបចោលជើងហោះហើរអស់ជាច្រើនផងដែរ ហើយប្រសិនបើបូកសរុបការលុបចោលទាំងអស់រហូតមកដល់ចុងសប្ដាហ៍នេះគឺមានចំនួនប្រមាណជាង 1,500 ឯណោះ។

ដូចគ្នានេះដែរ កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមហ៊ុន FlightAware បានបង្ហាញជើងហោះហើរចំនួន 738 ឬស្ទើរតែមួយភាគបួននៃប្រតិបត្តិការរបស់អាមេរិកត្រូវបានពន្យារពេល ហើយជើងហោះហើរចំនួន 342 ត្រូវបានលុបចោល។ ចំពោះមូលហេតុចម្បងដែលបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍សម្រេចចិត្ដលុបចោលជើងហោះហើរជាច្រើនបែបនេះគឺដោយសារតែមានបញ្ហាអាកាសធាតុធ្ងន់ធ្ងរដែលមិនអាចធ្វើការហោះហើរបាន និងការកង្វះខាតបុគ្គលិកធ្វើការជាដើម។

តែយ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា អ្នកបម្រើការលើយន្តហោះចំនួន 1,800 នាក់នឹងត្រឡប់មកធ្វើការវិញនៅថ្ងៃទី 1 ខែធ្នូ ខាងមុខ ហើយអ្វីៗ នឹងត្រឡប់ទៅរកសភាពធម្មតាវិញ។ គួរបញ្ជាក់ថា ការខ្វះខាតបុគ្គលិកធ្វើការបែបនេះគឺដោយសារតែបុគ្គលិកបម្រើការលើយន្ដហោះភាគច្រើនតម្រូវឲ្យឈប់សម្រាកពីការងារមួយរយៈក្នុងអំឡុងពេលជំងឺរាតត្បាតនេះ។