ប្រទេសក្រិក គឺជាប្រទេសមួយ ដែលសំបូរទៅដោយកន្លែងទេសចរណ៍ ដូចជាប្រសាទបុរាណនានាជាច្រើន ដែលកសាងជាច្រើនសតវត្សន៍មកហើយ ជាពិសេសប្រទេសនេះ មានសុវត្ថិភាព ជាងអ្វីដែលយើងគ្រប់គ្នាបានគិតទៅទៀត ព្រោះអត្រាឧក្រិដ្ឋកម្ម ហាក់ដូចជាមានកម្រិតចុះទាប។ ដូច្នេះបើអ្នកចង់ដើរលេងកម្សាន្តនៅប្រទេសនេះ អ្នកមិនចាំបាច់ព្រួយបារម្ភច្រើនពេកអីទេ ដឹងត្រឹមតែចំណុចនេះ មុននឹងទៅលេង បានហើយ អញ្ចឹងតាមដានជាមួយយើងទាំងអស់គ្នា!
- ភាពងាយស្រួល ក្នុងការស្វែងរកចំណីអាហារ និងភេសជ្ជះផ្សេងៗ
ប្រទេសក្រិក ត្រូវបានគេស្គាល់ថាជាអ្នកផលិតអូលីវ និងប្រេងអូលីវ ដែលត្រូវបានគេយកមកប្រើប្រាស់ជាមួយសាឡាដ និងចម្អិនអាហារ ។ មិនថាអ្នកជាអ្នកចូលចិត្តម្ហូបអាហារ ឬអ្នកបួសក្តី ប្រទេសក្រិចមានអ្វីៗជាច្រើន ដើម្បីផ្តល់ជូនលោកអ្នក ! កុំបារម្ភ ប្រសិនបើអ្នកជាអ្នកចូលចិត្តរបស់ញ៉ាំផ្អែមៗ ប្រទេសក្រិចក៏ផ្តល់បង្អែមដ៏ល្អសម្រាប់អ្នកផងដែរ ។ ហើយអ្នកគួរតែសាកល្បងទឹកដោះគោជូរ ជាមួយនឹងទឹកឃ្មុំ, ខ្ទឹម និងលូឃូម៉ាត (loukoumades) ដែលជារបស់ញាំពេញនិយមជាងគេនៅក្នុងប្រទេសនេះ វាមានទម្រង់ស្រដៀងទៅនឹង នំកង របស់ខ្មែរយើងអញ្ចឹងដែរ។
- ជាប្រទេស រសរាយរាក់ទាក់ខ្លាំង
ចំណុចទី ២ គឺកាន់តែធ្វើអោយយើង ជាអ្នកទេសចរណ៍ កាន់តែលែងបារម្ភ ព្រោះថា ប្រជាជនក្រិចភាគច្រើនមានចិត្តសប្បុសយ៉ាងខ្លាំង នៅពេលអ្នកពួកគេបានអញ្ជើញអ្នកដទៃ ហើយពួកគេ មានទម្លាប់មួយ ដោយបានផ្លាស់ប្តូរអំណោយជាច្រើន ដូចជានំ ស្រា នៅពេលពួកគេទៅសួរសុខទុក្ខ មិត្តភក្តិរបស់ពួកគេ ។ ជនជាតិក្រិក អោយតម្លៃខ្លាំងបំផុត ចំពោះមិត្តភក្តិ ដែលភាសាក្រិកហៅថា FILOTIMO ណាដែលមានគំនិតចងចាំរាក់ទាក់ នូវចំណងមិត្តភាព ហើយជាពិសេសអ្នកនឹងមានអារម្មណ៍រីករាយ ក្នុងការជួបគ្នាដំបូងជាមួយពួកគេ (ក្រិច) ដែលតែងតែដឹងគុណ និងវត្តមានរបស់អ្នកជានិច្ច។
- ឆ្នេរដែលគួរឲ្យទាក់ទាញ
ប្រទេសក្រិច មានភាពល្បីល្បាញ ដោយសារទឹកសមុទ្រ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតជាច្រើន។ មិនថាអ្នកកំពុងស្វែករកឆ្នេរ ដែលមានការរៀបចំជាមួយនឹង ការដេកហាលថ្ងៃ ដោយប្រើឡេការពារ ការសម្រាកក្រោមឆ័ត្រ បារនៅឆ្នេរសមុទ្រ និងកន្លែងរ៉ូមែនទិចជាដើម ដែលជាកន្លែងដែលអ្នកអាចរៀបចំពិធីជប់លៀងស្ងប់ស្ងាត់ពេញមួយថ្ងៃ ឬច្រើនជាងនេះជាមួយបរិយាកាសសន្តិភាព ។ ជាពិសេសអ្នកអាចដេកហាលថ្ងៃនៅមុខសមុទ្រ និងអានសៀវភៅជាដើម។ សូមបញ្ជាក់ផងដែរថា ប្រទេសនេះ មានឆ្នេរសមុទ្រល្អបំផុត នៅទ្វីបអ៊ឺរ៉ុប និងផ្តល់ជូននូវ សកម្មភាព ដូចជាការមុជទឹក ការជិះខ្លា និងការជួលទូក សមស្របសម្រាប់មនុស្សគ្រប់វ័យ។
- ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ
យើងធ្លាប់បានដឹង និងបានមើលរឿងហូលីវូដ បែបប្រវត្តិសាស្ត្រក្រិក ជាច្រើនមកហើយ អញ្ចឹងយើងអាចនិយាយបានថា ប្រវត្តិសាស្ត្ររបស់ក្រិច គឺពិតជាមិនចាញ់ប្រវត្តិសាស្ត្រប្រទេសផ្សេងៗនោះទេ សូម្បីតែក្បួនសឹកសង្គ្រាមក៏មិនណយដែរ។ ប្រសិនបើអ្នកគឺជាអ្នកស្រឡាញ់ ផ្នែកស្ថាបត្យកម្មបុរាណ ក្រិកគឺពិតជាប្រទេសមួយ ដែលអ្នកមិនគួររំលងនោះទេ សម្រាប់អ្នក។ ប្រទេសក្រិកគឺជា ប្រទេសកំណើត របស់បញ្ញវន្តជាច្រើន ជាក់ស្តែងដូចជា Alexander, ទស្សនវិទូអារីស្តូត និងបុគ្គលល្បីៗជាច្រើនទៀត ដែលបានបន្សល់ទុកនូវ ការចងចាំរបស់ប្រជាជន នៅក្នុងប្រទេសនេះ។
- ប្រជុំកោះជាច្រើន
កោះក្រិក គឺជាស្ថានសួគ៌នៅលើផ្ទៃទឹក ដែលមានសម្រស់ដ៏ស្រស់ស្អាត នៃផ្ទៃទឹកពណ៌ខៀវ និងផ្ទះពណ៌ស និងខៀវ។ ភាពស្រស់ស្អាតដ៏អស្ចារ្យនៃក្រុង Santorini គឺមិនអាចកាត់ថ្លៃបាននោះទេ ដោយយើងអាចមើលឃើញ ផ្ទះដែលលាបពណ៌ស នៅលើកំរាលថ្មភ្នំភ្លើងនៃកោះនេះ។ អ្នកក៏អាចរីករាយជាមួយនឹងសកម្មភាពផ្សេងៗទៀត ដូចជាការបង្ហោះខ្លែង ការឡើងភ្នំ និងជ្រមុជទឹក នៅលើកោះក្រិក ដ៏ស្រស់ស្អាតមួយនេះ ដែលនឹងធ្វើឱ្យ ថ្ងៃឈប់សម្រាករបស់អ្នក មិនអាចបំភ្លេចបានឡើយ។
- ទៅលេងប្រទេសក្រិក មិនចាំបាច់ចំណាយច្រើនឡើយ
ប្រសិនបើអ្នកកំពុងស្វែងរក វិស្សមកាល ក្នុងតម្លៃសមរម្យ ប្រទេសក្រិច គឺជាទិសដៅដ៏ល្អ សម្រាប់អ្នក! តម្លៃនៃការស្នាក់នៅ និងម្ហូបអាហារនៅក្នុងប្រទេសក្រិក គឺមានតំលៃថោក បើប្រៀបធៀបទៅនឹង ផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុប។ មិនថាអ្នកកំពុងស្វែងរក កញ្ចប់ក្រេបទឹកឃ្មុំ ដ៏ប្រណិត ឬថ្ងៃឈប់សម្រាកខ្នាតគ្រួសារ នោះទេ ប្រទេសក្រិក នឹងផ្តល់ជូនក្នុងកញ្ចប់ពិសេស មួយសម្រាប់អ្នកតែម្តង។ នេះបើយោងតាមសារព័ត៌មានល្បី Chasing The Unexpected!
- ការកម្សាន្តពេលរាត្រី
ការកម្សាន្តនាពេលរាត្រី នៅប្រទេសក្រិក មានភាពរស់រវើក ជាមួយភាព អ៊ូអរនៅគ្រប់ទីកន្លែង។ នៅទីនោះ មានកន្លែង ដ៏អស្ចារ្យជាច្រើន សម្រាប់ក្លឹប ដែលរួមមាន បារប្រណីត ដើម្បីរីករាយជាមួយនឹង ស្រាក្រឡុក រាំកំសាន្ត រហូតដល់ថ្ងៃរះ ក៏មានដែរ។ កន្លែងដ៏មានប្រជាប្រិយបំផុតមួយ សម្រាប់ការជប់លៀង គឺកោះ Mykonos ដែលមានឆ្នេរខ្សាច់ស្អាតជាងគេបំផុត និងក្លឹបរាត្រី។ ដូច្នេះប្រសិនបើអ្នកជា សត្វមាម (មនុស្សដែលចូលចិត្តដើរយប់) ក្រិក ទទួលស្វាគមន៍អ្នកឱ្យសប្បាយនឹង ជីវិតពេលរាត្រី ជានិច្ច។
- ជាទីកន្លែងសុវត្ថិភាពសម្រាប់ដំណើរកម្សាន្តថ្ងៃឈប់សម្រាក
ភ្ញៀវទេសចរណ៍ណា ក៏ដូចគ្នាដែរ តែងតែចង់រកកន្លែង ដែលមានសុវត្ថិភាពសន្តិសុខល្អ សម្រាប់ដំណើរកម្សាន្តរបស់ពួកគេ ប៉ុន្តែអ្នកមិនចាំភ័យឡើយចំពោះប្រទេសក្រិក នេះមួយ។ ស្ថានភាពនយោបាយ វឹកវរ នៅក្នុងប្រទេសនេះ បានផ្លាស់ប្តូរ តាំងពីប៉ុន្មានទសវត្សរ៍មុនម៉្លេះ។ កោះក្រិកដូចជា Crete, Rhodes និង Corfu គឺជាជម្រើសដ៏ល្អបំផុត វាជាកន្លែង សម្រាប់អ្នកដែលចង់លំហែរ លក្ខណៈបែបស្ងប់ស្ងាត់។
- ប្រទេសដែលមានអាកាសធាតុអំណោយផលល្អ
អាកាសធាតុនៅប្រទេសក្រិក គឺល្អមែនទែន ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹងសីតុណ្ហភាពស្រាលៗ ក្នុងរដូវរងារ ហើយព្រះអាទិត្យចាំងរាយ មិនលួសថ្ងៃ បានធ្វើអោយប្រទេសនេះ ទាក់ទាញភ្ញៀវទេសចរណ៍ មិនតិចនោះទេ ជារៀងរាល់ឆ្នាំ។ សម្រាប់ពេលវេលាដ៏ល្អបំផុត ដើម្បីទៅទស្សនាប្រទេសក្រិកនេះ គឺស្ថិតនៅក្នុងរដូវ ខែមេសា ដល់ខែមិថុនា និងខែកញ្ញា ដល់ខែតុលា។
សរុបសេចក្តីមក ប្រទេសក្រិក គឺជាប្រទេសមួយដែលសម្បូរទៅដោយកន្លែងកម្សាន្ត បូកផ្សំជាមួយប្រជាជន ដែលមានចិត្តសប្បុរសចំពោះយើង និងជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏អស្ចារ្យផងដែរ ។ ប្រសិនបើអ្នកមានពេលសម្រាក ឬវិស្សមកាលរបស់អ្នក អ្នកអាចធ្វើដំណើរផ្សងព្រេង នៅប្រទេសនេះបាន ដែលមានសុវត្ថិភាព ផ្នែកសន្តិសុខផងដែរ !