ក្រុមហ៊ុន Samsung Electronics Co Ltd បាននិយាយកាលពីថ្ងៃសុក្រថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី 4 របស់ខ្លួនទំនងជាកើនឡើង 52% ធៀបនឹងឆ្នាំមុន។ ដោយនេះគឺជាកម្រិតខ្ពស់បំផុតប្រចាំត្រីមាសក្នុងរយៈពេល 4 ឆ្នាំ ស្របពេលដែរតម្រូវការសម្រាប់បន្ទះឈីប និងអង្គចងចាំមានការកើនឡើងខ្ពស់។ ជាក់ស្តែងក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ និងស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោកមួយនេះបានប៉ាន់ប្រមាណប្រាក់ចំណេញពីខែតុលាដល់ខែធ្នូ ឆ្នាំ2021 កន្លងទៅថាមានចំនួន 13.8 ពាន់ពាន់លានវ៉ុន ដែលស្មើនឹង 11.5 ពាន់លានដុល្លារ។
ដោយចំនួននេះនឹងក្លាយជាប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសទី 4 ខ្ពស់បំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចាប់តាំងពីត្រីមាសទី4 ក្នុងឆ្នាំ 2017 មក។ បន្ថែមពីនេះ លទ្ធផលនេះវាលើសពីការព្យាករទុករបស់ Refinitiv SmartEstimate ទៅទៀតថាមានចំនួនប្រមាណ 15.2 ពាន់ពាន់លានវ៉ុនប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងការចេញផ្សាយប្រាក់ចំនេញបឋមខ្លីមួយទៀតថា តាមការរំពឹងទុករបស់ទីផ្សារ ប្រាក់ចំណូលរបស់ខ្លួនទំនងជាកើនឡើង 23% ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានប្រមាណជា 76 ពាន់ពាន់លានវ៉ុន។
គួរបញ្ជាក់ផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានកើនឡើងប្រហែល 11% ចាប់តាំងពីដើមខែវិច្ឆិកាមក នៅក្នុងការរំពឹងទុកនៃតម្លៃបន្ទះឈីបអង្គចងចាំធ្លាក់ចុះតិចជាងការរំពឹងទុកក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ បន្ទាប់មកបានស្ទុះងើបឡើងវិញ ដោយសារមានការជំរុញដោយមជ្ឈមណ្ឌលទិន្នន័យថ្មី និងតម្រូវការសម្រាប់វីដេអូ ហ្គេម ការប្រជុំ និងបញ្ហាចរាចរណ៍ដ៏ទៃទៀត។