វ៉ាស៊ីនតោន៖ ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជាច្រើន របស់អង្គការ NASA សហការណ៍ជាមួយដៃគូ និងក្រុមអ្នកវិទ្យាសាស្ត្រដ៏ទៃទៀត ទីបំផុតការបាញ់បង្ហោះគ្រាប់រ៉ុកកែត ដែលនាំទៅជាមួយនឹងយាន្តតេឡេស្កុប ដែលមានតម្លៃថ្លៃ និងមានភាពវៃឆ្លាតជាងគេ ពុំដែលត្រូវបានផលិតឡើងពីមុនមក ទទួលបានជោគជ័យ និងបានចាប់ផ្ដើមប្រតិបត្តិការការងារផងដែរ។
ការបាញ់គ្រាប់រ៉ុកកែត Ariane 5 ECA (VA256) នាំយកម៉ាស៊ីនតេឡេស្កុប ទទួលបានលទ្ធផលជោគជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ ហើយក្រុមការងាររបស់អង្គការ NASA បានចាប់ផ្ដើមបើកឱ្យដំណើរការយាន្ត James Webb និងទទួលបានលទ្ធផលជោគជ័យ ១០០% តាមការរំពឹងទុកពីផែនដី។ លទ្ធផលជោគជ័យនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយរបស់អង្គការ NASA ដែលបានធ្វើការងារលើគម្រោងដ៏ធំមួយនេះអស់ពេលជាច្រើនឆ្នាំ ដោយចំនាយថវិការមិនតិចជាង USD ១០ ពាន់លានដុល្លារអាមេរិកនោះទេ។
លទ្ធផលជោគជ័យ ដែលចំនាយពេលអស់ជាច្រើននេះ ត្រូវបានឱ្យដឹងថា ក្រោយការបាញ់បង្ហោះយកតេឡេស្កុបនេះចូលទៅក្នុងលំហរ ក្រុមការងារទាំងអស់ ត្រូវចំនាយពេលរហូតដល់ទៅ ២ សប្ដាហ៍ទម្រាំអាចបើកឱ្យយាន្តតេឡេស្កុប ដំណើរការ ១០០% ពិសេសគឺស្លាប ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រាច់ចរនៅក្នុងលំហរ។ ការចំនាយពេលដល់ទៅ ១៤ ថ្ងៃនេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា ដោយសារតែតេឡេស្កុបនោះទំហំធំ មានរហូតដល់ទៅ ៥ ស្រទាប់ ដូច្នេះការនាំយកទៅកាន់លំហរត្រូវបត់ជាចំណែក ឱ្យមានទំហំតូចតាមដែលអាចធ្វើទៅបាន និងត្រូវពន្លា ឬបត់ខ្លួនឡើងវិញនៅពេលដល់ក្នុងលំហរ។
យាន្តតេឡេស្កុប James Webb នេះ គឺជាក្ដីរំពឹងថ្មី និងជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីអាថ៌កំបាំងជាច្រើន ដែលពីមុនមកមិនធ្លាប់បានដឹង ឬត្រឹមជាមន្ទិលសង្ស័យ។ ជាងនេះទៅទៀត សមត្ថភាពរបស់តេឡេស្កុបមួយនេះ ក៏អាចឱ្យក្រុមអ្នកវិទ្យាសាស្ត្រសិក្សាបន្ថែមអំពីភព ដើមកំណើតរបសភពនីមួយៗ ការវិវឌ្ឍន៍ ក៏ដូចជាដំណើរការនៃភពនីមួយៗក្នុងប្រព័ន្ធកាឡាក់ស៊ីរបស់យើងថែមទៀតផង។ ក្នុងរយៈពេល ៥ ខែ កន្លះ ខាងមុខ James Webb នឹងផ្ដល់រូបភាពជាច្រើនមកកាន់ពិភពលោកវិញ ដែលនឹងធ្វើឱ្យមនុស្សគ្រប់គ្នានិយាយថា WOW!។
គួររំលឹកថាយាន្តតេឡេស្កុប ត្រូវបានបាញ់បង្ហោះទៅកាន់លំហរកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ហើយទើបតែបើកខ្លួនបាន ១០០% កាលពីម្សិលមិញនេះ ដោយរំពឹងថា នឹងរៀបចំប្រតិបត្តិការផ្សេងៗឱ្យបានរួចរាល់ និងត្រៀមចាប់ផ្ដើមបេសកកម្មជាលើកដំបូងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕