ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកាន់ការកាត់បន្ថយការបំភាយឧស្ម័នកាបូននៅកម្រិតសូន្យត្រឹមឆ្នាំ២០៥០

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កម្ពុជាបានប្តេជ្ញាចិត្តក្នុងទិសដៅឆ្ពោះទៅកាន់ការ សម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិត សូន្យនៅឆ្នាំ២០៥០ ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងដូច្នេះ ក្នុង ឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងស្ថានីយប្រេងឥន្ធនៈប្រចាំ កម្ពុជាអំពីការរៀបចំឧបករណ៍សម្ភារៈបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជាចំនួន ប្រាំរួមមាន៖ ក្រុម ហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តី ការក្រសួង។ 

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជាទាក់ ទងនឹងការបំពាក់សម្ភារៈឧបករណ៍បញ្ចូលថាមពល យានយន្ត អគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់ តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការជំរុញការប្រើប្រាស់យាន យន្ត EVs គម្រោងកិច្ចសហប្រតិបត្តិការ រវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងនឹងការដំឡើងស្ថានីយសាកថ្មយាន យន្ត EVs ការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ក្រោមការគាំទ្រពី UNDP និងការផ្ដល់ជូនម៉ូតូដើរដោយថាមពលអគ្គិសនីចំនួន៣០គ្រឿង ដើម្បីធ្វើការសាកល្បងផងដែរ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរ អំពីគម្រោង ដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួនពីរកន្លែង និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗ ផងដែរដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដោយសហការជាមួយ ស្ថានីយ ប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិនិយោគិនដែលមានសក្កានុពល និងបានបន្ថែមទៀតថា ក្រសួងកំពុងពិចារណា លើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Food Panda ,NHAM24 និង E-Gets ពិនិត្យលទ្ធភាពក្នុងការ ប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនីជំនួសម៉ូតូដែល ប្រើសាំងក្នុងការបម្រើ សេវារបស់ខ្លួន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពី ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកាន់ការសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០%។ 

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុនបានសម្ដែងការគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួង និងខិតខំធ្វើការងារជា មួយថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការពិនិត្យលទ្ធភាព ដំឡើងឧបករណ៍សាកថ្មយាន យន្ត EVs នៅតាម បណ្តាទីតាំងស្ថានីយនានារបស់ខ្លួន៕