បេងមាលា៖ ប្រាសាទមានរចនាបទអង្គរវត្ត ផ្សាភ្ជាប់ជាមួយទេសភាពធម្មជាតិ ពណ៌បៃតងស្រស់ ដែលភ្ញៀវទេសចរមិនងាយរំលង


សៀមរាប៖ បេងមាលា ជាប្រាសាទដែលស្ថិតនៅឆ្ងាយពី តំបន់អង្គរបន្ដិចហើយ ដែលគេត្រូវធ្វើដំណើរ ទៅតាមផ្លូវជាតិលេខ ៦៤ ជាផ្លូវឆ្ពោះទៅប្រាសាទកោះកេរ្តិ៍ និងក្រុងព្រះវិហារឯណោះ ប្រមាណ ៧៧ គីឡូម៉ែត្រពីក្រុងសៀមរាប។ ថ្វីត្បិតចម្ងាយផ្លូវឆ្ងាយមែន ប៉ុន្តែប្រាសាទបេងមាលា មានចំណុចពិសេសៗមួយចំនួន ខុសពីប្រាសាទដទៃទៀត ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមិនងាយរំលង ប្រាសាទមួយនេះឡើយ បើទោះជាស្ថាបត្យកម្មសំណង់ ត្រូវបានបាក់បែង រលំអស់មួយភាគធំ ហើយក៏ដោយ។

ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន។ ប្រាសាទនេះមានស្ថាបត្យកម្ម ដូចទៅនឹងប្រាសាទអង្គរវត្ត មានទំហំប្រវែង ១៨១ ម៉ែត្រ x ១៥២ ម៉ែត្រ សាងសង់នៅលើ ផ្ទៃដីប្រមាណ ១៤ ហិចតា មានកំពែង ៣ ជាន់ ដោយត្រូវបានស្ថាបនាដោយ ព្រះបាទសូរ្យវរ្ម័នទី ២ (ព្រះអង្គជាបិតាស្ថាបនិកនៃប្រាសាទអង្គរវត្តដែរ) នៅចុងសតវត្សទី ១១ និងដើមសតវត្សទី ១២ ដើម្បីឧទ្ទិសថ្វាយជូន ដល់ព្រះវិស្ណុ នៅក្នុងព្រហ្មញសាសនា។ ប្រាសាទបេងមាលា គឺមានប្លង់ដូចប្រាសាទអង្គវត្ត មានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នា និងឧទ្ទិសដល់ព្រះវិស្ណុដូចគ្នា ដូចនេះស្ថាបត្យកម្ម ក៏ប្រហាក់ប្រហែលគ្នាដែរ ជាក់ស្ដែងប្រាសាទបេងមាលា មានគូទឹកប្រវែង ១ ២០០ ម៉ែត្រ x ៩០០ ម៉ែត្រ ព័ទ្ធជុំវិញខណ្ឌទីតាំងប្រាសាទ ដើម្បីឲ្យទីតាំងប្រាសាទក្លាយ ទៅជាកោះមួយដូចជាចក្រវាឡ ព័ន្ធជុំវិញដោយមហាសមុទ្រ តំណាងដល់កំពូលភ្នំព្រះសុមេរុ ដូចប្រាសាទអង្គរវត្តដែរ។

ដោយសារតែស្ថាបត្យកម្ម និងរចនាបថដូចទៅនឹង ប្រាសាទអង្គរវត្តនេះហើយ ទើបតាមការសន្និដ្ឋានរបស់ អ្នកបុរាណខ្លះបានសន្មត់ថា ប្រាសាទបេងមាលា អាចជាប្លង់មេមួយ ដែលជាគម្រូដើម្បីឈាន ទៅដល់ការសាងប្រាសាទអង្គរវត្ត។ ប៉ុន្តែតាមរយៈការសិក្សាស្រាវជ្រាវ លើសំណង់ក្រោយៗមក គេរកឃើញថាប្រាសាទនេះ ត្រូវបានសាងសង់ក្រោយអង្គរវត្តនោះទេ ពោលការកសាងប្រាសាទបេងមាលា នៅចន្លោះប្រាសាទអង្គរវត្ត និងមុនសម័យសាងបាយ័ន។ ចំណែកឯថ្មយកមកសាងសង់ ប្រាសាទបេងមាលាវិញ គឺជាប្រភេទថ្មភក់ និងថ្មបាយក្រៀម ហើយប្រសិនបើ យើងពិនិត្យមើលក្បាច់ចម្លាក់ មានហោត្រ័យចំនួន៤ ធំ ២នៅខាងក្រៅ តូច ២ នៅខាងក្នុង ហើយមានផ្តែរចំនួន ១៨០ ដែលលម្អដោយភ្ញីផ្កា និងរំលេចដោយតួអង្គមនុស្ស អាទិទេព រាហូ ទាក់ទងនឹងរឿងទេវកថាជាច្រើនដូចជា កូរសមុទ្រទឹកដោះ រាមកេរ្តិ៍ មហាភារតជាដើម ប៉ុន្តែគ្មានសិលាចារឹកទេ។

គូសសម្គាល់ដែរថា ភាពល្បីល្បាញរបស់ប្រាសាទបេងមាលា កើតចេញពីសម្រស់នៃប្រាសាទនេះតែម្ដង បូករួមនឹងការផ្សព្វផ្សាយ ជាក់ស្ដែងប្រាសាទបេងមាលា គឺមានស្ថាបត្យកម្មអង្គរ ដែលប្លែកពីប្រាសាទដទៃទៀត ហើយមកដល់ពេលនេះមានសភាពទ្រុឌទ្រោម និងត្រូវបានរុក្ខជាតិដុះ ជាមួយស្លែបៃតងតោងថ្មប្រាសាទ ដែលបង្កើតទៅជាទស្សនីយភាពថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ហាក់ដូចជាការច្របាច់បញ្ជូលគ្នា នូវសំណង់ប្រាសាទនៃប្រវត្តិសាស្ត្រ ផ្សំជាមួយធម្មជាតិអញ្ចឹង។

ចំណុចមួយផ្សេងទៀត គឺការផ្សព្វផ្សាយប្រាសាទនេះ តាមរយៈខ្សែភាពយន្ដអន្តជាតិ Two Brothers ដែលបានថតនៅក្នុងឆ្នាំ ២០០២ និងយកទីតាំងប្រាសាទបេងមាលានេះ ធ្វើឲ្យអ្នកដែលបានទស្សនាចង់មកឃើញទិដ្ឋភាពជាក់ស្ដែង នៃប្រាសាទបុរាណនេះ។

លើសពីនេះទៀត ការយកទីតាំងប្រាសាទដើម្បី ផលិតខ្សែភាពយន្ដនេះ ក្រុមអ្នកអភិរក្សក៏បានសាងសង់ ជាស្ពានឈើផងដែរ ដើម្បីឲ្យការផលិតនិងការរត់ឧបករណ៍ថតកុន មានភាពរលូន ដោយមិនប៉ះពាល់ដល់ សំណង់បុរាណ។ ហើយស្ពានឈើនេះដែរ ត្រូវបានស្ថាបនាមកដល់សព្វថ្ងៃនេះ ដោយកាលពីខែមិថុនា ២០១៩ កន្លងទៅនេះ ស្ពានឈើដែលបានសាងសង់ នៅក្នុងឆ្នាំ ២០០២ ត្រូវបានជួសជុលឡើងវិញជាស្ថាពរ ដោយមានប្រវែង ២១៥ ម៉ែត្រ (រាប់ទាំងជណ្ដើរ) នឹងពង្រីកទទឹងចាប់ពី ៨០ សង់ទីម៉ែត្រ ទៅដល់ ១.៥ ម៉ែត្រ ដើម្បីឲ្យភ្ញៀវទេសចរណ៍ងាយស្រួលធ្វើដំណើរ និងផ្ដិតយករូបភាពបានយ៉ាងស្រស់ស្អាត។

 

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា