ស្ថានភាពទេសចរណ៍ ជុំវិញពិភពលោក ក្នុងរយៈពេល ៧ខែនៃឆ្នាំ ២០២៤ ត្រលប់ទៅសភាពឆ្នាំ ២០១៩ បានប្រមាណ ៩៦% ហើយ!


យោងតាមរបាយការណ៍ World Tourism Barometer របស់ទីភ្នាក់ងារទេសចរណ៍ នៃអង្គការសហប្រជាជាតិ (UN Tourism) បង្ហាញថានៅរយៈពេល ៧ ខែដើមឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរជុំវិញពិភពលោក មានចំនួនសរុប ៧៩០ លាននាក់ កើនខ្ពស់ជាងឆ្នាំ២០២៣ ប្រមាណ ១១% ហើយនៅទាបជាងឆ្នាំ២០១៩ ត្រឹមតែ ៤% ទៀតប៉ុណ្ណោះ ដែលចំនួននេះ រំពឹងស្ដារឡើងវិញទាំងស្រុង នៅឆ្នាំ២០២៥ ខាងមុខ។

របាយការណ៍នោះបានបង្ហាញថា វិស័យទេសចរណ៍ ជុំវិញពិភពលោក មានស្ថានភាពដូចខាងក្រោម៖

• តំបន់មជ្ឈឹមបូព៌ា មានអត្រាកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេបំផុត រហូតដល់ ២៦% លើសពីឆ្នាំ២០១៩ ដោយភាគច្រើន ប្រទេសក្នុងតំបន់នោះស្ដារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការតភ្ជាប់ជើងហោះហើរច្រើនជាងមុន ការផ្ដល់ភាពងាយស្រួលនៃទិដ្ឋការ ជាដើម។

• ទ្វីបអាហ្វ្រិក មានវិស័យទេសចរណ៍ ស្ថិតក្នុងអត្រា ៧% លើសពីឆ្នាំ២០១៩

• អឺរ៉ុប និងអាមេរិច ស្ថិតនៅកម្រិត ៩៩% និង ៩៧% បើធៀបទៅនឹងស្ថានភាពមុនវិបត្តិកូវីដ

• អាស៊ី និងប៉ាស៊ីហ្វិក ស្ថិតនៅកម្រិត ៨២% ធៀបទៅនឹងឆ្នាំ២០១៩។

យោងតាមប្រសាសន៍ លោក Zurab Pololikashvili អគ្គលេខាធិការនៃ UN Tourism បង្ហាញថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើវិស័យទេសចរណ៍ ជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងប្រវត្តិសាស្ត្រ យ៉ាងណាមិញ វិស័យទេសចរណ៍កំពុងស្ដារឡើងវិញ ជិតបានពេញ ១០០% ហើយ នៅសល់តែតំបន់កំពុងមាន បញ្ហាវិវាទភូមិសាស្ត្រនយោបាយប៉ុណ្ណោះ។ របាយការណ៍ជាក់ស្ដែង ប្រទេសចំនួន ៦៧ ក្នុងចំណោម ១២០ ប្រទេសនៃសមាជិកភ្នាក់ងារទេសចរណ៍នៃអង្គការសហប្រជាជាតិ បានវិលទៅស្ថានភាពទេសចរណ៍ ដូចដើមវិញហើយ ចំណែកប្រទេសជាច្រើនទៀត ក៏ស្ថិតនៅអត្រាខ្ពស់ ជិតដូចដើមផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ ចំណូលពីវិស័យទេសចរណ៍ នៅជុំវិញពិភពលោក មានចំនួន ៣,៤ ទ្រីលានដុល្លារ (ដោយរាប់បញ្ចូលទាំងការស្នាក់នៅ និងធ្វើដំណើរ) ចំនួននេះ គឺស្មើនឹង ៣% នៃ GDP សរុបរបស់ពិភពលោក នៅទាបជាងឆ្នាំ២០១៩ ដែលវិស័យទេសចរណ៍ បានរួមចំណែក ៤% ទៅក្នុង GDP សរុបរបស់ពិភពលោក។

 

ប្រភព៖ UN Tourism