អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរជាង ១,៣ លាននាក់ ក្នុងរយៈពេល ១ ឆ្នាំក្រោយបើកដំណើរការ


សៀមរាប៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ គឺជាខួប ១ ឆ្នាំនៃការបើកដំណើរការប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រលានយន្ដហោះធំកម្រិត 4E ដំបូងនៅទឹកដីខេត្តសៀមរាប និងផ្ដោតសំខាន់លើ ការបម្រើវិស័យទេសចរណ៍។ ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ព្រលានយន្ដហោះសៀមរាប-អង្គរ ទទួលបានអ្នកដំណើរសរុបជាង ១,៣ លាននាក់ និងការដឹកជញ្ជូនទំនិញផ្លូវអាកាសសរុប ៨២ តោន។

របាយការណ៍របស់អាកាសចរស៊ីវិល បានបង្ហាញថា គិតចាប់ពីបានបើកដំណើរការ មកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ យើងទទួលបានយន្ដហោះ ដឹកអ្នកដំណើរចេញ-ចូលសរុបចំនួន ១៤ ៥៥៦ ជើង ដែលមានអ្នកដំណើរសរុបចំនួន ១ ៣០០ ០៤៨ នាក់ និងការដឹកជញ្ជូនទំនិញសរុប ៨២ តោន ហើយចំនួននេះរំពឹង នឹងកើនឡើងដល់ ១ លាន ៥០ ម៉ឺននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២៤។

ដោយឡែក បើគិតចាប់ពី ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) មាន៖

•    ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួន ១០ ៩៨៩ ជើង មានការកើនឡើងប្រមាណ ២៤% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣

•    អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួន ៩៧៤ ២០៣ នាក់ ដែលកើនឡើង ៣១% បើធៀបទៅនឹងឆ្នាំ២០២៣

•    ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៧៦ តោន មានការថយចុះ ៤៦% ធៀបទៅនឹងឆ្នាំ២០២៣។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានបោះទុនវិនិយោគចំនួន ១ ១០០ លានដុល្លារ ដោយកសាង ហេដ្ឋារចនាសម្ព័ន្ធថ្មីសុទ្ធសាធ លើផ្ទៃដីទំហំជាំង ៧០០ ហិកតា និងមានដីបំរុងប្រមាណ ១០០០ ហិកតា សម្រាប់កសាងតំបន់អភិវឌ្ឍពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-កសិកម្ម-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលយើងអាចហៅថា ទីក្រុងអាកាសយានដ្ឋាន នាពេលដ៏ឆាប់ខាងមុខ។

ព្រលានយន្ដហោះនេះ មានសមត្ថភាពទទួលយន្ដហោះធំៗ Boeing 777-200 និង Airbus 350-900 ចំណតយន្ដហោះចំនួន ៣៨ អាចទទួលអ្នកដំណើរ រយៈពេលខ្លី-មធ្យមបាន ៧ លាននាក់ និងទំនិញ ១ ម៉ឺនតោនក្នុងមួយឆ្នាំ ហើយនៅក្នុងរយៈពេលវែងមានសមត្ថភាព ទទួលអ្នកដំណើរបាន ២០ លាននាក់ និងទំនិញ ៦ ម៉ឺនតោនក្នុងមួយឆ្នាំ។

ប្រភព៖ អាកាសចរណ៍ស៊ីវិលកម្ពុជា