ប្រតិបត្តិករទេសចរណ៍ម៉ាឡេស៊ីទាមទារឱ្យកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការបើកព្រំដែនឡើងវិញ

ប្រតិបត្តិករទេសចរណ៍ម៉ាឡេស៊ីចង់បានកាលបរិច្ឆេទជាក់លាក់សម្រាប់ការបើកច្រកព្រំដែនរបស់ប្រទេសម៉ាឡេស៊ីឡើងវិញ ដោយបានកត់សម្គាល់ថា ការពន្យារពេលបន្ថែមទៀតនឹងនាំឱ្យមានការខាតបង់ដ៏ធំដល់ឧស្សាហកម្មមួយនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានសមាគមទេសចរណ៍ក្នុងប្រទេស ម៉ាឡេស៊ី លោក Uzaidi Udanis បានទទួលស្គាល់ថា សេចក្តីសម្រេចនេះនឹងត្រូវចំណាយពេលខ្លះ ប៉ុន្តែមានការបារម្ភថា ការចំណាយពេលកាន់តែយូរនឹងធ្វើឱ្យមានការខាតបង់កាន់តែធំសម្រាប់អាជីវកម្ម ទេសចរណ៍។

លោក Uzaidi បាននិយាយថា ប្រតិបត្តិករទេសចរណ៍ក្នុងស្រុកយល់ ប្រសិនបើអាជ្ញាធរនឹងមិនបើក ព្រំដែនឡើងវិញនៅថ្ងៃទី 1 ខែមីនានោះទេ ប៉ុន្តែគេបានរំពឹងថានឹងមានកាលវិភាគបណ្តោះអាសន្នមួយ ដើម្បីឱ្យពួកគេអាចធ្វើការរៀបចំនានាទាក់ទងនឹងបុគ្គលិក មគ្គុទ្ទេសក៍ទេសចរណ៍ មធ្យោបាយដឹកជញ្ជូន និងទីផ្សារជាដើម។ ដោយគាំទ្រចំពោះទស្សនៈនេះ អនុប្រធានសមាគមទេសចរណ៍ និងភ្នាក់ងារទេស ចរណ៍ម៉ាឡេស៊ីនៅក្រៅប្រទេស លោកស្រី Cynthia Tan បាននិយាយថា ឧស្សាហកម្មទេសចរណ៍របស់ ប្រទេសនេះអាចនឹងដួលរលំ ប្រសិនបើព្រំដែននៅតែបន្តបិទ។ ឧស្សាហកម្មនេះបានរងទុក្ខយ៉ាងធ្ងន់ធ្ងរ អស់រយៈពេល 24 ខែ ហើយត្រូវការថវិកា និងការចំណាយជា ច្រើនដើម្បីទ្រទ្រង់វា។ បច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ីបានដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង សម្រាប់អ្នកដំណើរចូលទៅក្នុង ប្រទេស។ 

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin បានបញ្ជាក់ថា ប្រទេសនេះអាចបើកព្រំដែនរបស់ខ្លួនឡើងវិញនៅក្នុងត្រីមាសទីពីរ នៃឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ ប្រធាន ក្រុមប្រឹក្សាស្ដារជាតិ (NRC) លោក Muhyiddin Yassin បាននិយាយថា ក្រុមប្រឹក្សានេះបានស្នើឱ្យ បើកព្រំដែនឡើងវិញនៅថ្ងៃទី 1 ខែមីនា។ ចំនួនខ្ពស់នៃករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ-19 បានបង្ខំឱ្យរដ្ឋា ភិបាលពិចារណាទៅលើសំណើនេះដោយប្រុងប្រយ័ត្នបំផុត៕