គម្រោងវិនិយោគជាង ៩៣ លានដុល្លារ ត្រូវបានចុះបញ្ជីនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២!

នៅខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគក្នុងស្រុក និងអន្តរជាតិចំនួន ១២ លើគម្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនី ផ្សារទំនើប រោងចក្រតម្លើងរថយន្ដ រោងចក្រផលិតសម្ភារៈប្រើប្រាស់ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ -ល- នៅក្នុងទំហំទឹកប្រាក់សរុប ៩៣.១ លានដុល្លារ និងអាចបង្កើតការងារជាង ១៤,០០០ កន្លែង។ 

ក្នុងនោះដែរ គម្រោងវិនិយោគធំៗទាំង ៥ រួមមាន៖ 

១. ក្រុមហ៊ុន Meko Intelligent (Cambodia) Co,. Ltd គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់អេឡិចត្រូនិចគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៨២៨ កន្លែង។

២. ក្រុមហ៊ុន Khalandale Co., Ltd គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងស្ថិតនៅដីឡូត៍បឹងកក់ភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានទុនវិនិយោគប្រមាណ ១០ លានដុល្លារ និងអាចបង្កើតការងារបាន ៦៦៨ កន្លែង។

៣. ក្រុមហ៊ុន K (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ដ អ៊ីស៊ូហ្ស៊ូ (ISUZU) ដែលមានទីតាំងស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៣ លានដុល្លារ និងអាចបង្កើតការងារបាន ១៦៦ កន្លែង។

៤. ក្រុមហ៊ុន B.E.C.I.S (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្ដៅ ផ្គត់ផ្គង់ឲ្យរោងចក្រស្រាបៀរ និងភេសជ្ជៈ ដែលមានទីតាំងវិនិយោគនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦.៧ លានដុល្លារ និងអាចបង្កើតការងារ ៨២ កន្លែង។

៥. ក្រុមហ៊ុន Cambodian Paw Shield Co., Ltd គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥.៥ លានដុល្លារ និងអាចបង្កើតការបារបាន ៤៩៥ កន្លែង។