ផ្លូវបេតុងថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប

កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ៧០B ចំនួន ០១ខ្សែ ប្រវែង ១៦,១៣៣ គ.ម ព្រមទាំងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងចំនួន ០៩កន្លែង ដែលស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ផ្លូវបេតុង ៧០B ប្រវែង ១៦,១៣៣ គ.ម  ០១ខ្សែនេះ គឺត្រូវបានចាប់ផ្តើមសាងសង់កាលពី ខែមីនា ឆ្នាំ២០១៨ ក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណជាង ៦លានដុល្លារសហរដ្ឋអាមេរិក ដែលលាតសន្ធឹងឆ្លងកាត់ឃុំចំនួន ០៦ឃុំ រួមមាន៖ ឃុំព្រែករំដេង ឃុំឫស្សីស្រុក ឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក ឃុំផ្ទះកណ្តាល និងឃុំព្រែកពោធិ៍ ដែលចាប់ផ្ដើមពីទីតាំងសាលាស្រុកស្រីសន្ធរ រហូតដល់ ឃុំព្រែករំដេង ស្ថិតក្នុងស្រីសន្ធរ ខេត្តកំពង់ចាម។ 

ទន្ទឹមនឹងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ៧០B ចំនួន ០១ខ្សែនេះ ដែលជាជំនួយសាងសង់ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងនោះដោយមើឃើញពីភាពទ្រុឌទ្រោម និងសោភ័ណភាពស្ពានប៉ាឡេបច្ចុប្បន្ន និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលបន្ថែមទៀត ព្រមទាំងធានានូវសុវត្ថិភាពផងដែរ ក្រុមហ៊ុនក៏បានចូលរួមឧបត្ថម្ភសាងសង់ស្ពានបេតុចំនួន ០៩កន្លែង បន្ថែមទៀតដើម្បីជំនួសឱ្យស្ពានប៉ាឡេបច្ចុប្បន្ន ដែលស្ថិតនៅលើផ្លូវបេតុ ៧០B នេះផងដែរ ដែលគិតជាទឹកប្រាក់សរុបប្រមាណជាង ៦លានដុល្លារអាមេរិក។ 

ទាក់ទងទៅនឹងសមិទ្ធផលនៃការអភិវឌ្ឍផ្លូវបេតុងមួយខ្សែនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្រីសន្ធរ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀតបានសម្ដែងនូវអំណរគុណ និងសប្បាយចិត្តជាខ្លាំង ខណៈផ្លូវបេតុ ៧០B នេះគឺបានចូលរួមដោះស្រាយបញ្ហានៃមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរនេះប្រមាណជាង ២០,២៨៧ គ្រួសារ ដែលស្មើនឹង ៨៩,៨១៣នាក់ នៃចំនួនប្រជាពលរដ្ឋដែលបានប្រើប្រាស់ដងផ្លូវនេះអាស្រ័យផល ក្នុងការប្រកបអាជីវកម្ម ការអប់រំ និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត។ល។ ហើយនេះក៏បានជួយដល់សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនមួយចំណែក ខណៈផ្លូវមួយខ្សែនេះក៏បានជួយសម្រួលដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋឱ្យមានការរីកចម្រើនសម្រាប់ការរស់នៅចិញ្ចឹមជីវិតផងដែរ។ 

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ៧០B និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ០៩ កន្លែងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា៖ “ សូមចូលរួមអបអរសាទចំពោះសមិទ្ធផលផ្លូវ និងស្ពានទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលមានក្រុមហ៊ុនប៉េង ហួត គ្រុប ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។ ” 

ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរម្នាក់ដែលរស់នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរបានសម្ដែងនូវការសប្បាយចិត្តដោយទទួលបានផ្លូវល្អ និងងាយស្រួលធ្វើដំណើរ ព្រមទាំងបានថ្លែងនូវអំណរគុណយ៉ាងក្រៃលែងដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា៖ “ ផ្លូវកាលពីមុននោះ លំបាកធ្វើដំណើរខ្លាំងណាស់ ពេលធ្វើដំណើរទៅណាមកណាហ៊ុយខ្លាំងណាស់ ហើយពេលភ្លៀងម្ដង់ៗភក់ជ្រាំ រអិលខ្លាំងណាស់ ត្រូវការចំណាយពេលវេលាយូរ ហើយតាំងពីបានផ្លូវថ្មីមកគឺងាយស្រួលធ្វើដំណើរពីផ្ទះទៅភ្នំពេញលឿនដូចចិត្ត ខ្ញុំអរគុណសម្តេចខ្លាំងណាស់ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ ហើយក៏អរគុណក្រុមហ៊ុន ប៉េង ហួត ផងដែរដែលបានធ្វើផ្លូវថ្មីស្អាតនេះឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរទៅមកកាន់តែងាយស្រួល” ។  

គូរំលឹកផងដែរ៖ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកស្រីសន្ធរជាច្រើនទៀត ដែលរួមមាន ៖ ក្លោងទ្វារវត្ត របងវត្ត កុដិយាយជី-តាជី ដែលជាសុទ្ធាជ្រះថ្លា នៅវត្តជ័យមង្គល សាលារៀន ផ្លូវថ្នល់ក្នុងភូមិ អគារ ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ រួមទាំងអគារទីចាត់ការ ១ខ្នងផងដែរ និងថ្មីៗនេះ អភិវឌ្ឍផ្លូវ និងស្ពានបេតុង។ល។  ដែលសមិទ្ធផលទាំងអស់នេះគិតជាទឹកប្រាក់សរុបរួមប្រមាណជាង ១៧,៨៨៦,២៥០ ដុល្លារអាមេរិក។ ស្មារតីចែករំលែកគឺជាទឹកចិត្តដ៏ថ្លៃថ្លា និងជាការដឹងគុណដល់សង្គម និងរាជរដ្ឋាភិបាលដែលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈនិងគំនិតដូចសុភាសិតខ្មែរមួយដែលតែងដាស់តឿនសតិកូនខ្មែរឱ្យប្រតិបតិ្តវប្បធម៌ដឹងគុណ ពោលគឺ៖ “ ផឹកទឹកនឹកដល់ប្រភព បានជ្រកម្លប់នឹកដល់អ្នកដាំ ” ៕