យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express របស់វៀតណាមបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដស្ព័រម៉ាក់ល្បីរបស់ចក្រភពអង់គ្លេស McLaren កំពុងត្រៀមខ្លួនបើក Showroom តាំងបង្ហាញរថយន្ដរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាមនៅត្រីមាសទី2 ខាងមុខនេះ។ ក្រុមហ៊ុន S&S Automotive ដែលជាក្រុមហ៊ុនលក់រថយន្ត Rolls-Royce នៅក្នុងប្រទេសវៀតណាម ត្រូវបានជ្រើសរើសជាអ្នកនាំចូល និងចែកចាយរបស់ McLaren ក្នុងប្រទេសនេះតែម្ដង។ បន្ទប់តាំងបង្ហាញ McLaren ដំបូងគេក្នុងប្រទេសវៀតណាមនឹងមានទីតាំងនៅលើមហាវិថី Le Duan ក្នុងសង្កាត់ 1 នៃទីក្រុងហូជាមិញ ដោយចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅត្រីមាសទីពីរនៃឆ្នាំ 2022 តទៅ។
យ៉ាងណាមិញ កាលពីនៅក្នុងឆ្នាំ 2019 នាយកប្រតិបត្តិរបស់ McLaren លោក Mike Flewitt បានធ្លាប់និយាយម្ដងរួចមកហើយថា ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនបានព្យាយាមបើកការចែកចាយ និងនាំចេញរថយន្ដទំនើបម៉ាកទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីនឲ្យខានតែបាន។ កន្លងមកក៏ធ្លាប់ឃើញមានវត្ដមានរបស់រថយន្ដទំនើបរបស់ក្រុមហ៊ុន McLaren ជាច្រើនផងដែរដូចជា Ferrari, Lamborghini និង Aston Martin ក៏ប៉ុន្ដែរថយន្ដទាំងអស់នោះត្រូវបាននាំចូលតាមរយៈ Gray Market ប៉ុណ្ណោះ។ ដោយឡែកចំពោះការនាំចូញរថយន្ដទំនើបរបស់ McLaren ដោយផ្លូវការនៅប្រទេសវៀតណាមខាងមុខនេះវិញ គេរំពឹងថានឹងអាចឃើញរថយន្ដទំនើបជាច្រើនដូចជា រថយន្ត 720S Coupe, 720S Spider, 765LT Coupe, 765LT Spider, Artura និងម៉ូដែលរថយន្ត McLaren Elva ជាដើម។
គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមគឺជាទីផ្សារទី 41 ហើយដែលមានវត្តមាននៃរថយន្តទំនើបម៉ាក McLaren នេះ។ ហើយ McLaren ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2010 គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយ McLaren Group ដែលកាន់តែទូលំទូលាយ។ ចំណែកឯទីស្នាក់ការកណ្តាល និងរោងចក្រដំឡើងដោយដៃរបស់ McLaren គឺមានទីតាំងនៅ Woking, Surrey County ប្រទេសអង់គ្លេស។