រមណីយដ្ឋានទឹកធ្លាក់ដាចំប៉ី ដែលពុំសូវមានគេស្គាល់ ស្រស់ស្អាតដូចឋានសួគ៌


បើនិយាយអំពី តំបន់រមណីយដ្ឋានទឹកធ្លាក់ដែលល្បី និងមានអ្នកស្គាល់ច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជាយើង ប្រាកជតំបន់ទឹកជ្រោះប៊ូស្រា នៅក្នុងខេត្ដមណ្ឌលគីរីជាក់ជាមិនខាន។ ដោយឡែក នៅពេលនេះ ក្រុមការងារយើង សូមនាំអារម្មណ៍ភ្ញៀវទេសចរ មកស្គាល់តំបន់ទឹកធ្លាក់លាក់ខ្លួនមួយ ដែលមានទេសភាពស្អាតដូចឋានសួគ៌ាអញ្ចឹង ក៏ប៉ុន្ដែពុំសូវជាមានអ្នកស្គាល់ឡើយ។

រមណីយដ្ឋានទឹកធ្លាក់ដាចំប៉ី គឺជាតំបន់ទឹកធ្លាក់ធម្មជាតិមួយ ដែលមានទេសភាពស្រស់ស្អាត បែបធម្មជាតិ រួមមាន ផ្ទាំងថ្មដ៏ធំមួយមានប្រវែង ៥០០ ម៉ែត្រ ហើយមានទឹកហូរកម្ពស់ទាបបំផុតត្រឹមតែ ១ម៉ែត្រ ដោយហូរច្រោះតាមរូងថ្មរាងជារង្វង់។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺទឹកធ្លាក់នេះមានកម្ពស់ខ្ពស់ជាង ៥ម៉ែត្រ ដែលបានរំលេចទស្សនីយភាព ទាក់ទាញបំផុត ជាមួយនឹងធម្មជាតិព្រៃភ្នំដ៏ស្រស់បំព្រង។

រមណីយដ្ឋានទឹកធ្លាក់ដាចំប៉ី មានទីតាំងស្ថិតនៅ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងមានចម្ងាយប្រហែល ៧៣ គីឡូម៉ែត្រពីផ្សាររង្វង់មូលអន្លង់វែង។ រមណីយដ្ឋានទឹកធ្លាក់ដាចំប៉ី នេះត្រូវបានគេហៅឈ្មោះ បានជាច្រើនដូចជា ទឹកធ្លាក់ ល្អាងតាថុង, ទឹកធ្លាក់ ដាចំប៉ី ឬ ទឹកធ្លាក់ រួតចំប៉ីជាដើម។ ចំពោះសកម្មភាពទេសចរណ៍ ភ្ញៀវទេសចរអាចរៀបចំអាហារ ទៅញាំដោយខ្លួនឯង, លេងទឹកធ្លាក់ដ៏ត្រជាក់, ដើរលេងដោយថ្មើរជើង និងចំណុចផ្សេងៗទៀត។

ក្រៅពីតំបន់ទឹកធ្លាក់នេះ នៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីទឹកធ្លាក់ដាចំប៉ីនេះ មានកន្លែងធម្មជាតិ និងវប្បធម៌មួយ ដែលរៀបចំឡើងដោយព្រះសង្ឃ សម្រាប់ធ្វើសមាធិនៅទីតាំងនោះ។ ទីកន្លែងនោះមានរូបចម្លាក់មួយចំនួន ដែលពិពណ៌នាអំពីដំណើរជីវិត តាំងពីចាប់មានកំណើត រហូតដល់ស្លាប់ ក៏ដូចជារូបចម្លាក់សាសនា និងសត្វព្រៃដទៃផ្សេងទៀតផងដែរ។

Credit Pictures: ពនេចរ