ថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរកន្លងទៅ ភ្ញៀវទេសចរទាំងអស់ក្នុងប្រទេស ចំណាយទឹកប្រាក់ផ្ទាល់សរុបជាង ២៧៥ លានដុល្លារ!


យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីក្រសួងទេសចរណ៍ បានបង្ហាញថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃនិងថ្ងៃអាទិត្យ ១ ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ មេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុប ៥.១៧ លាននាក់ បានដើរកម្សាន្ដ និងបានចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥.៣៦៧.១១៥ ដុល្លារ (ចំណាយទេសចរជាតិប្រមាណ ២៦៤ លានដុល្លារ និងចំណាយទេសចរ បរទេសផ្ទៃក្នុងប្រមាណ ១១,៧ លានដុល្លារ)។

រាល់ការចំណាយទាំងអស់ របស់ទេសចរជាតិ និងបរទេសផ្ទៃក្នុង ត្រូវបានចាក់ចូលទៅក្នុងចរន្ដសេដ្ឋកិច្ចជាតិកម្ពុជា ដោយក្នុងនោះ គេសង្កេតឃើញថា៖

១. ទេសចរបានធ្វើដំណើរកម្សាន្ដទូទាំងប្រទេស មានទេសចរស្នាក់នៅចាប់ពី ១ យប់ (Overnight visitors) ស្មើនឹង ៤០% (ក្នុងនោះធ្វើដំណើរលក្ខណៈគ្រួសារ ២៨% ជាក្រុម ៥% និងបុគ្គល ៦%) និងទេសចរកម្សាន្ដវិលល្ងាច (Same-day visitors) ស្មើនឹង ៦០%។

២. ទេសចរស្នាក់នៅចាប់ពី ១ យប់ (Overnight visitors) ចំណាយសរុបប្រមាណ ១៨៦ លានដុល្លារ ដែលធ្វើដំណើរជាគ្រួសារ ចំណាយជាមធ្យមប្រមាណ ១៦១ ដុល្លារ/ថ្ងៃ ស្មើនឹង ៤០២ ដុល្លារក្នុងមួយ Trip, ទេសចរជាក្រុមចំណយ ជាមធ្យមប្រមាណ ២៩៤ ដុល្លារ/ថ្ងៃ ស្មើនឹង ៧៣៥ ដុល្លារ/Trip, ទេសចរបុគ្គលចំណាយជាមធ្យមប្រមាណ ៤៥ ដុល្លារ/ថ្ងៃ ស្មើនឹង ១០៨ ដុល្លារ/Trip, រីឯទេសចរកម្សាន្ដវិលល្ងាច (Same-day visitors) ចំណាយសរុបប្រមាណ ៧៤ លានដុល្លារ (ចំណាយជាមធ្យមម្នាក់ ២៤ ដុល្លារ/ថ្ងៃ)។

ខេត្តដែលទទួលបានការចំណាយ របស់ទេសចរច្រើនជាងគេបង្អស់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺខេត្តកំពង់ចាម ដែលមានការចំណាយសរុបប្រមាណ ៥៤ លានដុល្លារ, បន្ទាប់គឺខេត្តព្រះសីហនុ ៤៨ លានដុល្លារ, ខេត្តបាត់ដំបង ៣១ លានដុល្លារ, និងខេត្តសៀមរាប ៣០ លានដុល្លារ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា បើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ អាចបង្កើតនូវចំណូលហូរចូល ចរន្ដសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០ លានដុល្លារ (ជាមួយមេគុណ ប្រសិទ្ធភាព ២)។

គូសបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ ខេត្តបាត់ដំបងជាង ៦៥ ម៉ឺននាក់, ខេត្តកំពង់ចាមជាង ៥៤ ម៉ឺននាក់, ខេត្តបន្ទាយមានជ័យជាង ៤៧ ម៉ឺននាក់, និងខេត្តសៀមរាបជាង ៤៥ ម៉ឺននាក់។