គម្រោងសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំ ទៅលើវិស័យផ្គត់ផ្គង់ ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋាន ការងារសាងសង់ជាផ្លូវការនាថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀង ឥណទានសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និងធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។
គម្រោងបាក់ខែងនេះ មានសមត្ថភាពផលិតសរុប ៣៩០.០០០ ម៉ែត្រគូប/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ និង ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ ម៣/ថ្ងៃ) ត្រូវបានសាងសង់ដោយ ក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។
នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ សម្រេចបានប្រមាណជា ៦០% នៃគម្រោងជំហានទី១ ដោយក្នុងនោះ យើងបានបែងចែកការដ្ឋាន ជាបីផ្នែកធំសំខាន់ៗ៖
ផ្នែកទី១ ការដ្ឋានសាងសាង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល, អាងកូរយឺត-លឿន, អាងរងកករ, អាងច្រោះ, អាងស្តុកទឹក, អគារដាក់វត្ថុធាតុដើម, អគារក្ល័រ, មន្ទីរពិសោធ៍ទឹក, ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន ៥០% ។
ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖
- ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% ។
- ការងារដាក់បំពង់ មេនាំទឹកល្អក់ទំហំ ១.៤០០ ចំនួន ២ខ្សែ សម្រេចបាន ៤៥% ។
ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖
- ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២.០០០ ម៣ ប្រវែង ៧គ.ម សម្រេចបាន ៩០% ។
- ការងារខួង ក្រោមបាតទន្លេសាប ដាក់បំពង់មេនាំទឹកស្អាតទំហំ ២.០០០មម សម្រេចបាន ៥០% ។
ចំណែកឯ ការងារសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាព ផលិត ១៩៥.០០០ម៣/ថ្ងៃ ក៏កំពុងដំណើរការអនុវត្ត ស្របពេលជាមួយគ្នាផងដែរ ដោយបច្ចុប្បន្នការងារ សាងសង់រោងចក្រនេះ សម្រេចបានប្រមាណជា ៣៧%។
ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្គត់ផ្គង់ទឹកស្អាត ដោយបានខិតខំជម្រុញ ពន្លឿនការងារសាងសង់ រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ ឱ្យបានទាន់តាមផែនការ ដែលបានគ្រោងទុក ក៏ដូចជាការសិក្សាផែនការមេ រហូតដល់ឆ្នាំ ២០៣០ ដើម្បីបំពេញនូវ សេចក្តីត្រូវការប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕