BMW ចាប់ផ្តើមដំណើរការផលិតរថយន្ដ នៅរោងចក្រថ្មីតម្លៃ 2.24 ពាន់លានដុល្លាររបស់ខ្លួន នៅក្នុងប្រទេសចិន ដើម្បីបង្កើនសង្វាក់ផលិតកម្ម


កាលពីថ្ងៃព្រហស្បតិ៍ 23 មិថុនានេះ ក្រុមហ៊ុនផលិតរថយន្ដម៉ាក់ល្បី BMW របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ផលិតកម្មរថយន្ដបន្ថែមទៀតរបស់ខ្លួន នឹងចាប់ផ្តើមដំណើរការ នៅរោងចក្រថ្មី ដែលសាងសង់ប្រទេសចិន ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ អស់ប្រមាណជា 15 ពាន់លានយន់ ឬស្មើនឹង 2.24 ពាន់លានដុល្លារ ដើម្បីបង្កើនល្បឿន ផលិតកម្មរថយន្តអគ្គិសនី (EV)។ រោងចក្រផលិតរថយន្ដថ្មីរបស់ BMW នៅចិននេះ មានឈ្មោះថា Lydia ដែលជារោងចក្រដំឡើងរថយន្តទី 3 របស់ក្រុមហ៊ុន BMW ផ្ទាល់តែម្ដង ដែលមានទីតាំងនៅភាគឦសាននៃទីក្រុង Shenyang ខេត្ត Liaoning។ ក្រុមហ៊ុន BMW បាននិយាយថា រោងចក្រនេះនឹងជួយ បង្កើនទិន្នផលផលិតរថយន្ដ ប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងទីផ្សាររថយន្ត ដ៏ធំបំផុតរបស់ពិភពលោក បានរហូតដល់ 830,000 គ្រឿងផងដែរ បន្ទាប់ពីផលិតបាន 700,000 គ្រឿងកាលពីក្នុងឆ្នាំ 2021 កន្លងទៅ។

BMW បាននិយាយទៀតថា រោងចក្រនេះ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណង ផ្ដោតលើសមត្ថភាព ផលិតរថយន្តអគ្គិសនី ទាំងស្រុងតែម្ដង ដើម្បីឲ្យស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ លើសពីនេះ BMW បាននិយាយថា ម៉ូដែលដំបូងដែលនឹងផលិត នៅក្នុងរោងចក្រ Lydia នេះ គឺជាម៉ូដែល i3 ដែលជារថយន្តស្ព័រខ្នាតកណ្តាល ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ហើយជួរម៉ូដែលរថយន្ដអគ្គិសនី បន្ដបន្ទាប់ទៀត ក៏នឹងត្រូវផលិតនៅរោងចក្រនេះផងដែរ សម្រាប់អ្នកប្រើប្រាស់ចិន រយៈពេល 13 នៅឆ្នាំបន្ទាប់។

គួរបញ្ជាក់ផងដែរថា ជិតមួយភាគបួននៃរថយន្ត ដែលបានលក់នៅក្នុងប្រទេសចិន ក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំនេះ សុទ្ធតែជាប្រភេទរថយន្ដអគ្គិសនី នេះបើយោងតាមទិន្នន័យ ពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន។ ដោយក្នុងនោះ BMW បានលក់រថយន្តអស់ចំនួន 208,507 គ្រឿងនៅក្នុងប្រទេសចិន ដែលជាទីផ្សារ ដ៏ធំបំផុតរបស់ខ្លួន នៅក្នុងត្រីមាសទី 1 ពោលគឺធ្លាក់ចុះ 9.2 ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាម ឯកសាររបស់ក្រុមហ៊ុន BMW ផ្ទាល់។ ខណៈក្រុមហ៊ុន Tesla និងក្រុមហ៊ុន ផលិតរថយន្តចិនដូចជា BYD គ្រប់គ្រងទីផ្សាររថយន្ត EV ដែលកំពុងរីកចម្រើន នៅក្នុងប្រទេសចិន ជាមួយនឹងការលក់កើនឡើង ទ្វេដងធៀបនឹងឆ្នាំមុន។