ក្រុមហ៊ុនផលិតរថយន្ដជប៉ុនធំៗ ចំនួនពីរ Toyota Motor និង Suzuki Motor Corp បានប្រកាស កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះថា ពួកគេនឹងចាប់ផ្តើមសហការគ្នា ដើម្បីផលិតរថយន្តប្រភេទកូនកាត់ (Hybrid) និងនាំចេញទៅលក់ នៅក្នុងទីផ្សាររថយន្ដ របស់ប្រទេសឥណ្ឌាតែម្ដង។ ក្រុមហ៊ុនទាំងពីរនេះ បាននិយាយទៀតថា តាមរយៈរោងចក្រផលិតរថយន្ដ Toyota ដែលមានស្រាប់ នៅភាគខាងត្បូងប្រទេសឥណ្ឌានេះ ពួកគេនឹងចាប់ផ្តើមដំឡើងរថយន្តស្ព័រកូនកាត់ Hybrid sport utility vehicle (SUV) នៅខែសីហាខាងមុខនេះតែម្ដង ដែលរថយន្ដសហការ ផលិតរួមគ្នាដោយក្រុមហ៊ុន Suzuki នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ក្នុងការសហការផលិតរួមគ្នានេះ ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ថា សម្រាប់រថយន្ដប្រភេទកូនកាត់ (Hybrid) ដែលមានកម្លាំងម៉ាស៊ីនធុនកណ្ដាល (Mild Hybrid) នឹងត្រូវផលិតដោយក្រុមហ៊ុន Suzuki ចំណែកឯ រថយន្ដប្រភេទកូនកាត់ (Hybrid) ដែលមានកម្លាំងម៉ាស៊ីនពេញ (Strong Hybrid) នឹងត្រូវផលិតដោយក្រុមហ៊ុន Toyota។ ពោលគឺ Suzuki នឹងទទួលបន្ទុកផលិត តែរថយន្ដដែលមាន ម៉ាស៊ីនពីស្តុងជំនួយ ដោយអគ្គិសនីប៉ុណ្ណោះ។ ខណៈ Toyota នឹងដឹកនាំផលិតរថយន្ដប្រភេទ Hybrid ដែលដំណើរការដោយ ប្រភពថាមពលពីរ គឺថាមពលអគ្គិសនី ឬថាមពលចំហេះ។
គួរបញ្ជាក់ថា គម្រោងការសហការគ្នា ផលិតរថយន្ដប្រភេទ Hybrid រវាងក្រុមហ៊ុនជប៉ុនទាំងពីរនេះ គឺជាផ្នែកមួយនៃ ភាពជាដៃគូទូលំទូលាយ ដែលបង្កើតឡើងរវាងក្រុមហ៊ុន Toyota និង Suzuki តាំងពីឆ្នាំ 2017 មកម្ល៉េះ ហើយការសហការគ្នានេះ នឹងត្រូវនាំយករថយន្ដ Hybrid លក់នៅក្នុងប្រទេសឥណ្ឌា និងនាំចេញទៅកាន់ទីផ្សារ រួមទាំងទ្វីបអាហ្រ្វិកផងដែរ។ ម្យ៉ាងវិញទៀត កិច្ចសហការនេះ ក៏ជាគម្រោងវិនិយោគិនបៃតងមួយ របស់ក្រុមហ៊ុន Toyota ផងដែរ ខណៈដែលក្រុមហ៊ុនផលិតរថយន្ត ធំជាងគេបំផុតរបស់ពិភពលោកនេះ ហាក់នៅមានភាពយឺតយ៉ាវក្នុងការ ផ្លាស់ប្តូរការផលិតរបស់ខ្លួន ទៅជាការផលិត រថយន្តអគ្គិសនី និងអាគុយ (BEVs) វិញ។