UNStudio ឈ្នះការប្រកួតប្រជែង ក្នុងការរចនា លំនៅដ្ឋានសហគមន៍ថ្មី នៅប្រទេសរ៉ូម៉ានី


កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្ថាបត្យកម្ម UNStudio ត្រូវបានប្រកាសឲ្យក្លាយជា អ្នកឈ្នះការប្រកួតប្រជែង រចនាគម្រោងលំនៅដ្ឋានអន្តរជាតិ ក្រោយបានរចនាលំនៅដ្ឋាន បែបសហគមន៍ថ្មីមួយ នៅកណ្តាលតំបន់ប្រវត្តិសាស្ត្រ Lasi នៃប្រទេសរ៉ូម៉ានី។ សម្រាប់ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំដោយ ក្រុមហ៊ុន Iulius និងមានការអញ្ជើញ ក្រុមហ៊ុនស្ថាបត្យកម្មល្បីៗ ចំនួន 4 ផ្សេងទៀតដូចជា ក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners , MVRDV , Zaha Hadid Architects និង UNStudio នេះតែម្ដង។

ប្រធានបទចម្បង នៃកម្មវិធីប្រកួតប្រជែងនេះ គឺការរចនាអគារមួយ ដែលមានការរួមបញ្ចូលគ្នា ទៅនឹង ទីក្រុងបរិស្ថានទំនើប បូករួមទាំងភាពសម្គាល់នៃ អគារប្រវត្តិសាស្ត្រ ដែលមានអាយុកាលខុសៗគ្នា របកគំហើញបុរាណវិទ្យាថ្មីៗ និងទីធ្លាសាធារណៈជាដើម។ ជាលទ្ធផល សំណើគម្រោងរចនា លំនៅដ្ឋានសហគមន៍ថ្មី របស់ UNStudio ដែលមានឈ្មោះថា "Bridgeging Time, Bridging Communities" ត្រូវបានជ្រើសរើសជាអ្នកឈ្នះ ដោយសារការរចនាមាន គោលបំណងច្បាស់លាស់ និងផ្តល់ការឆ្លើយតប យ៉ាងស៊ីសង្វាក់គ្នា ទៅនឹងលក្ខខណ្ឌនៃការប្រកួតនេះ។

ដោយឡែកទម្រង់ នៃអគាលំនៅដ្ឋាននេះ ត្រូវបានរចនាជាថ្នាក់ៗ ដែលមានផ្តល់ជូននូវ ទីធ្លាលំនៅដ្ឋានធំទូលាយ នៅចំកណ្ដាលអគារ ពោលពេញទៅដោយបរិយាកាស ធម្មជាតិបៃតង និងមានបរិក្ខារសាធារណៈយ៉ាងសម្បូរបែប។ នៅជាន់ផ្ទាល់ដី ត្រូវបានរចនាឡើង ដើម្បីអាចឲ្យអ្នកធ្វើដំណើរថ្មើរជើង ឆ្លងកាត់ពីអគារមួយទៅអគារ បានយ៉ាងងាយស្រួល និងមានការតភ្ជាប់គ្នា ទៅកាន់ Palace Square ដែលជាកន្លែងសាធារណៈ តំណាងទីក្រុងធំបំផុតមួយ។

គួរបញ្ជាក់ដែរថា ការសម្រេចជ្រើសរើសឲ្យ UNStudio ជាអ្នកឈ្នះការប្រកួត ត្រូវបានធ្វើឡើង ដោយគណៈវិនិច្ឆ័យ ដែលជាស្ថាបត្យករខ្លាំងៗ ដូចជា លោក Serban Tiganas, Augustin Loan, Dragos Ciolacu, Mihai Corneliu Driscu, Matei Bogoescu និងប្រវត្តិវិទូ Catalin Turliuc។ លទ្ធផលនៃការប្រកួតប្រជែង នឹងត្រូវបានបង្ហាញ ក្នុងអំឡុងពេលពិព័រណ៍សាធារណៈ នៅទីក្រុង Lasi ដែលបើកពី តាំងថ្ងៃទី 30 ខែមិថុនាដល់ថ្ងៃទី 14 ខែកក្កដាឆ្នាំ 2022 ។