សហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណចំនួន ២៧ ត្រឡប់មកអោយកម្ពុជាវិញ ដែលត្រូវបាន លួចនាំចេញនាពេលកន្លងមក


សហរដ្ឋអាមេរិក តាមរយៈ ឯកឧត្ដម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានប្រគល់ និងបញ្ជូនវត្ថុបុរាណ ដែលត្រូវបានលួចចេញចំនួន ២៧ដុំ ត្រឡប់មកឱ្យកម្ពុជាវិញ។ ការប្រគល់នេះ បានធ្វើឡើង នៅសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និង ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។

ឯកឧត្ដម Daniel J. Kritenbrink បានថ្លែងសង្កត់ធ្ងន់ពី អនុស្សរណៈយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយសម្របសម្រួល ការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណ មិនអាចកាត់ថ្លៃបានចំនួនជាង ១០០ដុំ មកបន្ថែមសមត្ថភាពរបស់ប្រជាជនកម្ពុជា ដែលធ្វើការងារអភិរក្ស បេតិកភណ្ឌវប្បធម៌។ ឯកឧត្ដមឧបការី Kritenbrink បានសរសើរដល់ការខិតខំរួមគ្នា របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ ការធ្វើមាតុភូមិនិវត្តន៍ នៃវត្ថុបុរាណចំនួន ២៧ ដុំនេះ។

ឯកឧត្ដម ឧបការី Kritenbrink បានថ្លែងបញ្ជាក់ថា “ពិធីនៅថ្ងៃនេះគឺជា ការបង្ហាញឱ្យឃើញ ពីទំនាក់ទំនងរឹងមាំ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គម្រោងគំនិតផ្តួចផ្តើមរបស់ សហរដ្ឋអាមេរិកដូចជា មូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ស្តែងឱ្យឃើញនូវការគាំទ្រយូរ អង្វែងរបស់យើង ចំពោះការជួសជុលទីតាំងប្រវត្តិសាស្រ្ត ដែលមានសារៈសំខាន់ ផ្នែកវប្បធម៌សម្រាប់ប្រទេសកម្ពុជា”។ ឯកឧត្ដម W. Patrick Murphy បនលើកឡើងពី អំណោយថវិកាថ្មីមួយរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិ ឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ ចំនួន ៣៦០.៨០០ ដុល្លារ សម្រាប់ជួសជុលប្រាសាទព្រះវិហារ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ដថា នេះជាអំណោយបន្ថែម លើថវិកាចំនួន ៤០៦.០០០ ដុល្លារ ដែលត្រូវបានផ្តល់ រួចហើយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់អភិរក្ស ប្រាសាទប្រវត្តិសាស្រ្តនេះ ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជា។

ឯកឧត្ដម ឯកអគ្គរដ្ឋទូត Murphy បានបន្ថែមថា “សហរដ្ឋអាមេរិកមាន មោទនភាពចំពោះការរួមចំណែក របស់ខ្លួន ចំពោះការខិតខំក្នុងការអភិរក្ស បេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងចំពោះការខិតខំរួមគ្នា របស់យើង ក្នុងការបញ្ជូនត្រឡប់ មកប្រទេសកម្ពុជាវិញ នូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបាន ពីសហរដ្ឋអាមេរិក”។ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌បាន មានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណដោយស្មោះ ចំពោះការរួមចំណែក របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា ទាំងធនធាន នៅក្នុងការប្រយុទ្ធប្រឆាំង នឹងការជួញដូរដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌។ យើងរីករាយនឹង បន្តកិច្ចសហប្រតិបត្តិការ នៅក្នុងការស៊ើបអង្កេត និងការខិតខំរបស់យើង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មានគ្នា និងជំនាញ ក្នុងពេលដែលយើងរកឃើញវិញ នូវទ្រព្យសម្បត្តិ ដ៏មានតម្លៃរបស់ជាតិយើង”។

សូមជម្រាបជូនថា សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០០១ មក សម្រាប់ការងារអភិរក្សវប្បធម៌ ដែលក្នុងនោះ ចំនួនជាង ៣,៥ លានដុល្លារ សម្រាប់អភិរក្ស និងជួសជុលប្រាសាទភ្នំបាក់ខែង នៅខេត្តសៀមរាប និងសម្រាប់ជួយ ដល់សារមន្ទីរទួលស្លែង៕