ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែន បន្ថែមចំនួន ១០០ បង្គោល ដើម្បីពង្រឹង គុណភាព សេវាទូរសព្ទចល័តទូទាំងប្រទេស


យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទសន្និបាត បូកសរុបការងារទេសចរណ៍ ផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយ វិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២ និងដើម្បីពង្រឹងគុណភាព និងវិសាលភាពសេវាទូរគមនាគមន៍ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនចំនួន ១០០ ដោយប្រើប្រាស់ថវិកា របស់មូលនិធិកាតព្វកិច្ច សេវាសកល។

ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះ មានការសហការ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីពង្រឹងគុណភាពសេវា ដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។

ការសាងសង់នេះ ស្របនឹងយន្តការរបស់ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹង គុណភាពសេវា តាមតំបន់ចំនួន ៥ នៅទូទាំងប្រទេស និងក្រុមការងារចំនួន ៨ សម្រាប់ចុះពង្រឹងគុណភាពសេវា នៅតាមបុរីក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារយ៉ាងសកម្ម ក្នុងការវាស់ស្ទង់គុណភាពសេវា នៅតាមភូមិសាស្រ្តទូទាំងប្រទេស ដើម្បីជំរុញ កាតព្វកិច្ចរបស់ប្រតិបត្តិករ ក្នុងការសាងសង់ ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឱ្យសេវាទូរគមនាគមន៍ មានគុណភាព និងការគ្របដណ្តប់ឱ្យកាន់តែប្រសើរឡើង។