ហាណូយ៖ រោងចក្រថាមពលអគ្គិសនីថ្មីមួយទៀត ដែលមានតម្លៃខ្លួនដល់ទៅ ២ ពាន់លានដុល្លារ នៅវៀតណាម បានសម្ភោធដាក់ឱ្យប្រើប្រាស់ និងដំណើការជាផ្លូវការ ហើយនៅវៀតណាម កាលពីម្សិលមិញនេះ ដែលដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅដល់តម្រូវការទីផ្សារ ដែលពីមួយឆ្នាំទៅមួយឆ្នាំ តែងតែមានការកើនឡើង។
រោងចក្រផលិតថាមពលអគ្គិសនី Song Hau 1 ដែលដំណើរការធ្យូងថ្ម ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ និងដំណើរការជាផ្លូវការហើយ ក្រោមវត្តមានរបស់ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អមដំណើរជាមួយនឹង មន្ត្រីពាក់ព័ន្ធជាច្រើនផ្សេងទៀត កាលពីថ្ងៃសៅរ៍កន្លងទៅ។ រោងចក្រធ្យូងថ្មថ្មីមួយនេះ មានទីតាំងស្ថិតនៅក្នុងក្រុង Mai Dam សង្កាត់ Chau Thanh នៃខេត្ត Hau Giang ជាមួយនឹងការចំនាយទុន វិនិយោគសរុប ដល់ទៅ ២ ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនរបស់រដ្ឋាភិបាលវៀតណាម PetroVietnam បានបោះទុនវិនិយោគ លើគម្រោងនេះចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ ដោយមានភាពយឺតយ៉ាវខ្លះ នារយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ តែទីបំផុតគម្រោងមួយនេះ ត្រូវបានបញ្ចប់ជាស្ថាពរ កាលពីពេលកន្លងទៅ។ រោងចក្រថាមពលអគ្គិសនីមួយនេះ មានអានុភាពផលិតថាមពល បានរហូតដល់ទៅ ១,២០០ មេហ្គាវ៉ាត់ ដោយបានដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ។
តាមការបញ្ជាក់របស់ ប្រភពព័ត៌មានក្នុងស្រុក របស់វៀតណាមបានឱ្យដឹងថា គិតមកដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២ នេះ រោងចក្រថាមពលអគ្គិសនីមួយនេះ បានផ្គត់ផ្គង់ថាមពលចូល ទៅក្នុងសង្គមសេដ្ឋកិច្ចវៀតណាម បានជាង ២ ពាន់លានកន្លែងមកហើយ នៅទូទាំងផ្ទៃប្រទេស។ ជាមួយនឹងអានុភាពដ៏ខ្លាំងនេះ រដ្ឋាភិបាលវៀតណាមព្យាករណ៍ថា រោងចក្រនេះអាចផ្គត់ផ្គង់ ថាមពលរហូតដល់ទៅ ៧,២ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំៗ ជាមួយនឹងលទ្ធភាពរកថវិកា បានចន្លោះពី ៦៣៩ ទៅ ៨៥២ លានដុល្លារ ក្នុងមួយឆ្នាំៗដល់ រដ្ឋាភិបាលវៀតណាម។
គួរបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២២ នេះ ការផលិតថាមពលអគ្គិសនីគ្រប់ប្រភេទ ក្នុងប្រទេសវៀតណាម មានអានុភាពសរុបប្រមាណ ៧៦.០០០ មេហ្គាវ៉ាត់ ធ្វើឱ្យប្រទេសមួយនេះ ស្ថិតក្នុងប្រទេសឈាមមុខគេមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ថែមទាំងមានលទ្ធភាពអាចលក់ ទៅកាន់បណ្ដាប្រទេសជិតខាង បានជាច្រើនផងដែរក្នុងមួយឆ្នាំៗ។ វៀតណាម នៅមិនទាន់បញ្ចប់ត្រឹមនេះនោះទេ ពោលគឺនៅបន្តរៀបចំឱ្យមាន រោងចក្រថាមពលអគ្គិសនី បន្ថែមទៀតនាពេលអនាគត៕