កាណាដា គ្រោងនឹងបង្កើតរថភ្លើងប្រភេទ Hyperloop ដែលអាចរត់បានល្បឿន 1,200 គីឡូម៉ែត្រក្នុងមួយម៉ោង


យោងទៅតាមការប្រកាស របស់ក្រុមហ៊ុន Transpod ដែលជាអ្នកអភិវឌ្ឍលើ វិស័យរថភ្លើង របស់ប្រទេសកាណាដា និងក្រុមហ៊ុន FluxJet ដែលជាក្រុមហ៊ុនអភិវឌ្ឍលើ ប្រព័ន្ធបណ្ដេញផ្លូវរថភ្លើង បានបង្ហាញឲ្យឃើញថា ពួកគេកំពុងបញ្ចេញសំណើរ និងគម្រោងរថភ្លើងល្បើនលឿន មួយប្រភេទថ្មីទៀត ដែលហៅថា Veillance Flux ដែលជាបច្ចេកទេសថ្មី ក្នុងការជំរុញឲ្យរថភ្លើង រត់ទៅមុខបានក្នុង ល្បឿនលឿនបំផុតមិនធ្លាប់ (Extra-high-speed) តាមរយៈបំពង់ដែលហៅថា Hyper-Tube។

ដោយគម្រោងរថភ្លើងនេះ វាដូចទៅនឹងគម្រោង Hyperlooop , Hyperloop TT , Hyperloop One , ET3  និង HyperPort ពីមុនៗផងដែរ ដោយគ្រាន់តែគម្រោងថ្មីនេះ ក្រុមហ៊ុន FluxJet នឹងព្យាយាមលុបបំបាត់ចោល នូវភាពកកិតនៃការបម្លាស់ទី ឲ្យកាន់តែប្រសើរ ដោយប្រើបច្ចេកវិទ្យា mag-lev។ តាមរយៈបច្ចេកវិទ្យាថ្មីនេះ FluxJet និង Transpod រំពឹងថារថភ្លើងនេះ នឹងអាចដំណើរការ យ៉ាងហោចណាស់ ចាប់ពី 300 គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់មកអាច បង្កើនល្បឿនដល់ប្រហែល 1,000 គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនកំពូលខ្ពស់បំផុត រហូតដល់ 1,200 គីឡូម៉ែត្រមួយម៉ោងឯណោះ។ រថភ្លើងនេះត្រូវបានបង្កើតឡើង ដោយរទេះភ្លើងប្រវែង 25 ម៉ែត្រ ដែលមានសមត្ថភាព ផ្ទុកអ្នកដំណើរបានរហូតដល់ 54 នាក់ ហើយអាចផ្ទុកទម្ងន់ បានដល់ទៅ 22,000 ផោន (10 តោន)។

លោក Ryan Janzen សហស្ថាបនិក និងជា CTO របស់ក្រុមហ៊ុន TransPod ផ្ទាល់ បាននិយាយថា គម្រោងនេះនឹងត្រូវ ចំណាយអស់ប្រហែល 18 ពាន់លានដុល្លារ ខណៈថ្មីៗនេះក្រុមហ៊ុន បានទទួលមូលនិធិចំនួន 550 លានដុល្លារពីក្រុមហ៊ុន Broughton Capital Group ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ដោយសហការជាមួយក្រុមហ៊ុន China-East Resources។ លោកបាននិយាយទៀតថា គម្រោងនេះគឺជាការបោះជំហាន ទៅមុខមួយកម្រិតទៀត ក្នុងវិស័យដឹកជញ្ជូន និងធ្វើដំណើរ ក៏ដូចជាភ្ជាប់ទំនាក់ទំនង នៃការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍន៍ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ ដើម្បីដោះស្រាយ តម្រូវការរបស់អ្នកដំណើរ និងកាត់បន្ថយការពឹងផ្អែក លើការប្រើប្រាស់ផ្លូវអាកាស និងផ្លូវហាយវេ ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ នឹងជួយកាត់បន្ថយ ការធ្វើដំណើរលើផ្លូវចរាចរណ៍ បានជិតមួយភាគបីផងដែរ ហើយអ្នកដំណើរគ្រប់រូប នឹងអាចចូលរួមសន្សំសំចៃ ការបំភាយកាបូនបានច្រើន ដោយសារការថាមពលពណ៌ ដែលយកមកប្រើប្រាស់ សម្រាប់ដំណើរការថភ្លើងនេះ គឺជាថាមពលបៃតង។ ក្រុមហ៊ុនរំពឹងថា នៅពេលដែលគម្រោងនេះ ដាក់ដំណើរការ វានឹងអាចកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត បានចំនួនរហូតដល់ទៅ 636,000 តោន ជារៀងរាល់ឆ្នាំឯណោះផងដែរ។