គន្លឹះស្ដង់ដារអន្តរជាតិ សម្រាប់កម្ពុជា ក្នុងការទាញប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP


ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាកិច្ចព្រមព្រៀងសំខាន់មួយ លើពិភពលោក ដែលមានប្រទេសសមាជិកចំនួន ១៥ ប្រទេស និងក្ដោបយកប្រមាណ ៣០% នៃទំហំពាណិជ្ជកម្ម និងផលិតផលសរុប របស់ពិភពលោក គិតត្រឹមឆ្នាំ២០២២។ បន្ទាប់ពី RCEP ទទួលបានសច្ចាប័ន ឬចូលជាធរមាន នៅថ្ងៃទី០១ ខែមករា កន្លងទៅ ធនាគារពិភពលោក បានវាយតម្លៃថាប្រទេសកំពុងអភិវឌ្ឍន៍ សមាជិកអាស៊ាន ជាអ្នកទទួលបានប្រយោជន៍ ច្រើនបំផុតពីកិច្ចព្រមព្រៀង RCEP ដែលរួមមាន៖ កម្ពុជា វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាដើម។ ដូចនេះ តើកម្ពុជា គួររៀបចំគោលការណ៍ ស្ដង់ដារអន្តរជាតិបែបណា ដើម្បីទាញប្រយោជន៍ពី កិច្ចព្រមព្រៀង RCEP?

១. តើកិច្ចព្រមព្រៀង RCEP ផ្ដល់ឱកាសអ្វីខ្លះ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ របស់កម្ពុជា?

លោក Deborah Elms នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី បានគូសបញ្ជាក់ថា ប្រទេសសមាជិកទាំង ១៥ នៃកិច្ចព្រមព្រៀងនេះ ភាគច្រើនជាសមាជិកអាស៊ានរួចមកហើយ មានន័យថា ប្រទេសទាំងនោះ មានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីយ៉ាងជិតស្និត។ ដូចនេះ សម្រាប់ការបន្ថែមកិច្ចព្រមព្រៀង RCEP វានឹងជំរុញនូវវឌ្ឍនភាព ទាំងភាពវិជ្ជមាន និងអវិជ្ជមាន សម្រាប់ប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជា នឹងទទួលផលវិជ្ជមានច្រើន ចំណែកប្រទេសអូស្ត្រាលី មិនទទួលផលវិជ្ជមានច្រើននោះទេ។ សម្រាប់ប្រទេសទទួលវិជ្ជមាន មានឱកាសពង្រីក ទីផ្សារធំជាងមុន ពង្រីកទំហំពាណិជ្ជកម្ម ទាក់ទាញវិនិយោគិន ផ្ដល់សេវាកម្មចម្រុះ ជាដើម។ ដូចនេះ តម្រូវឱ្យប្រទេស កំពុងអភិវឌ្ឍន៍ ជាសមាជិក ត្រៀមខ្លួនរឹងមាំ រៀបចំគោលនយោបាយ និងស្វែងរកឱកាសទាញ ប្រយោជន៍ពី RCEP។ សូមបញ្ជាក់ផងដែរថា សមាជិកអាស៊ាន ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ទទួលបានលំហូរ ទុនវិនិយោគផ្ទាល់ពីបរទេស ចន្លោះពី ៣៨% ទៅដល់ ៦៩% នៃផលិតផលក្នុងស្រុកសរុប ដែលធ្វើឲ្យប្រទេសអាស៊ាន មានសន្ទុះសេដ្ឋកិច្ចខ្លាំងក្លា។

២. តើកម្ពុជា បានត្រៀមខ្លួនទាញប្រយោជន៍ ពីកិច្ចព្រមព្រៀង RCEP ឬនៅ?

កម្ពុជា បានត្រៀមខ្លួនជាស្រេច ទទួលយកកិច្ចព្រមព្រៀង RCEP បើយោងតាម គោលនយោបាយដ៏រឹងមាំ ពីធនាគារជាតិកម្ពុជា ដែលបានអនុម័ត អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កាលពីពេលកន្លងទៅ នេះក៏ត្រូវអរគុណ ដល់ភាពរឹងមាំសេដ្ឋកិច្ចផ្ទៃក្នុង ហើយកម្ពុជា មានទស្សនវិស័យ ពង្រឹងបច្ចេកវិទ្យា យានយន្ដ និងឧស្សាហកម្មធុនធ្ងន់ ដើម្បីកម្ពុជាអាចក្លាយជា ប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដោយពឹងផ្អែកលើ ឧស្សាហកម្មធុនធ្ងន់ ទោះជាវិស័យនេះ នៅមិនទាន់អាច ប្រៀបធៀបជាមួយប្រទេសថៃ និងវៀតណាមក៏ដោយ។ ម្យ៉ាងទៀត វិស័យធនាគារ និងធានារ៉ាប់រង នៅកម្ពុជា កំពុងមានភាពប្រកួតប្រជែងខ្លាំង នៅក្នុងតំបន់អាស៊ាន ដែលវិស័យហិរញ្ញវត្ថុទាំងនេះ នឹងផ្ដល់បរិយាកាសល្អ សម្រាប់វិនិយោគិនបរទេស ផ្ដល់ភាពងាយស្រួល លើពាណិជ្ជកម្ម និងសេវាកម្ មដែលមានតម្លៃខ្ពស់។

៣. ការអប់រំ និងការបណ្តុះបណ្តាលជំនាញ ដើរតួនាទីសំខាន់បំផុត

ដើម្បីជំរុញអោយប្រទេសមួយ អភិវឌ្ឍន៍ជឿនលឿន ការវិនិយោគលើធនធានមនុស្ស ជាកត្តាសំខាន់បំផុត។ លោក Ashley Irving នាយកនៃមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការអប់រំ (ACE) និង IDP Education Cambodia បានលើកឡើងថា ការវិនិយោគដែលមាន ទស្សនវិស័យវែងឆ្ងាយ ត្រូវការចំណាយលពេលវេលា និងធនធានមនុស្សល្អ ហេតុនេះហើយ ទើបវិស័យឯកជននៅកម្ពុជា បានព្យាយាមបណ្ដុះបណ្ដាល ពង្រឹងវិស័យអប់រំនៅកម្ពុជា ស្របទៅតាមស្ដង់ដារអន្តរជាតិ។ កិច្ចព្រមព្រៀង RCEP ជាឱកាសមួយសម្រាប់កម្ពុជា ផ្ដល់សេវាកម្មស្ដង់ដារអន្តរជាតិ សម្រាប់ប្រទេសមានចំណូលខ្ពស់ ដូចជា សិង្ហបុរី អូស្ត្រាលី និងណូវែហ្សេឡង់ជាដើម។ យោងតាមរបាយការណ៍ ពីធនាគារពិភពលោក បង្ហាញថា សេវាកម្មពាណិជ្ជកម្មនៅកម្ពុជា មានចំនួន ១៤,៦% នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០២០ ដូចនេះ វានឹងបើកឱកាសបន្ថែម ក្រោយកិច្ចព្រមព្រៀង RCEP ដែលរដ្ឋាភិបាល និងវិស័យឯកជន គួរសហការជិតស្និត ដើម្បីបង្កើតមជ្ឈមណ្ឌលអប់រំស្ដង់ដារ ដែលផ្ដល់ឱកាសដល់អាជីវកម្ម ក្នុងស្រុកបណ្ដុះបណ្ដាលបុគ្គលិក ពង្រឹងចំណេះជំនាញ ជំនាញទន់ និងការបណ្ដុះបណ្ដាល វប្បធម៌ជាដើម។