សិង្ហបុរី៖ ក្រុមហ៊ុនយក្ស Alibaba និងក្រុមហ៊ុនអចលនទ្រព្យ ដែលមានទីស្នាក់ការកណ្ដាល ប្រចាំនៅសិង្ហបុរី Perennial Holding បានរៀបចំគម្រោងដ៏ធំមួយ តាមរយៈការសាងសង់អគារទំនើប ប្រណិត ដ៏អស្ចារ្យ នៅកណ្ដាលទីក្រុងសិង្ហបុរី ហើយក៏នឹងក្លាយជា អគារខ្ពស់ជាងគេបំផុត នាពេលខាងមុខទៀតផង។
ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Perenial Holding ត្រូវបានអាជ្ញាធរអភិវឌ្ឍន៍ លំនៅដ្ឋានរបស់សិង្ហបុរី ហៅកាត់ថា (URA) អនុម័តឱ្យសាងសង់ជាផ្លូវការ នូវអគារខ្ពស់ ដែលនឹងក្លាយជាអគារ ដែលខ្ពស់ជាងគេបំផុត នៅក្នុងប្រទេស នាពេលអនាគតខាងមុខ។ តាមការបញ្ជាក់របស់ ប្រភពព័ត៌មានអន្តរជាតិ បានឱ្យដឹងថា គម្រោងសាងសង់អគារនេះ នឹងធ្វើឡើងនៅក្នុងសង្កាត់ Shenton Way ជាកន្លែងប្រមូលផ្ដុំទៅដោយ ក្រុមហ៊ុនសហគ្រាស និងជាបណ្ដុំប្រកបអាជីវកម្ម ដ៏ធំនៅសិង្ហបុរី។
ទិន្នន័យរបស់អាជ្ញាធរ URA បានឱ្យដឹងថា អគារនោះនឹងមាន រយៈកម្ពស់សរុប ៣០៥ ម៉ែត្រ ដែលត្រៀមនឹង ក្លាយខ្លួនទៅជាអគារ ដែលខ្ពស់ជាងគេបំផុតនៅសិង្ហបុរី នាពេលខាងមុខ ពោលគឺខ្ពស់ជាងអគារ Guoco Tower ដែលជាអគារខ្ពស់ជាងគេ នាពេលបច្ចុប្បន្ន ក្នុងរយៈកម្ពស់ ២៨៤ ម៉ែត្រ។ អ្នកនាំពាក្យរបស់អាជ្ញាធរ URA បានឱ្យដឹងថា ការសាងសង់អគារថ្មីមួយនេះ នឹងរៀបចំឡើងចំនួន ៦៣ ជាន់ និងត្រូវបំពេញ បែបបទបច្ចេកទេស ដែលតម្រូវ ក្នុងការធានាបាននូវ សុខសុវត្ថិភាព តម្លាភាព និងភាពយូរអង្វែង។
អគារនេះ នឹងដើរតួនាទីសំខាន់ជាអគារពាណិជ្ជកម្ម ដែលមានទីកន្លែង សម្រាប់ជួលបើកការិយាល័យការងារ ហាងលក់ទំនិញ ភេសជ្ជៈ ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម។ ៥៩% នៃជាន់របស់អគារ នឹងប្រើប្រាស់សម្រាប់ ប្រយោជន៍ផ្នែកពាណិជ្ជកម្ម ខណៈនៅសល់ នឹងប្រើប្រាស់សម្រាប់ការស្នាក់នៅ ក្នុងទំហំផ្ទៃក្រឡាសរុប ១៤៨.៤៥០ ម៉ែត្រក្រឡា គិតចាប់ពីជាន់ផ្ទាល់ដី ដល់ជាន់លើ។ អគារនេះ នឹងសាងសង់ នៅទីតាំងអគារ AXA Tower ដែលមាន ៥០ជាន់ នឹងត្រូវកំទិញចោល ហើយសាងសង់ថ្មីតែម្ដង។
គួរបញ្ជាក់ថា អគារថ្មីនេះ នឹងចាប់ផ្ដើមការសាងសង់ នាពេលខាងមុខ នៅពេលអគារចាស់ ត្រូវបានវាយកំទេចចោលរួចរាល់ ហើយនឹងបិទបញ្ចប់ ការសាងសង់នាឆ្នាំ ២០២៨ ខាងមុខ៕