យោងតាមការចុះផ្សាយ របស់សារព័ត៌មាន South China Morning Post បានឲ្យដឹងថា ប្រទេសចិនកំពុងរៀបចំ គម្រោងសាងសង់រោងចក្រ "អ៊ីដ្រូសែនបៃតង" ដែលដើរដោយ ថាមពលពន្លឺព្រះអាទិត្យ ដ៏ធំបំផុតមួយ របស់ពិភពលោក នៅក្នុងទីក្រុង Xinjiang ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង រដ្ឋាភិបាលចិន ដើម្បីកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូន។ គម្រោងនេះ នឹងស្ថិតនៅលើតំបន់ Kuqa នៅភាគខាងត្បូងនៃទីក្រុង Xinjiang តែម្ដង។ វានឹងក្លាយជារោងចក្រប្រើប្រាស់ ប្រភពថាមពលកកើតឡើងវិញ រួមទាំងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីផលិតថាមពលអ៊ីដ្រូសែន ដែលអាចពង្រាវ និងដឹកជញ្ជូនបានចម្ងាយឆ្ងាយ តាមរយៈបំពង់បង្ហូរ ឧស្ម័នធម្មជាតិ ក្នុងគោលបំណង ជួយដោះស្រាយការខ្វះខាតថាមពល នៅក្នុងតំបន់ ដែលមានប្រជាជន ច្រើនបំផុតនៃប្រទេសចិន។
រោងចក្រនេះ ក៏ត្រូវបានសាងសង់ឡើង ជាផ្នែកមួយ នៃផែនការកាត់បន្ថយ បំភាយឧស្ម័នកាបូនិកកម្រិតខ្ពស់ របស់ប្រទេសចិនផងដែរ ដោយវាត្រូវបានរចនាឡើង ដើម្បីផលិតអ៊ីដ្រូសែនឲ្យបានចំនួន 20,000 តោនក្នុងមួយឆ្នាំ ជំនួសឲ្យការបំភាយ។ បច្ចុប្បន្ន រោងចក្រនេះកំពុងស្ថិតក្រោម ដំណើរការសាងសង់ ជាបណ្ដើរៗហើយ ដោយនឹងមាន បន្ទះស្រូបពន្លឺព្រះអាទិត្យ គ្របដណ្តប់លើផ្ទៃដីជាង 630 ហិកតា ដែលស្មើនឹងទំហំ ទីលានបាល់ទាត់ជាង 900 ទីលាន។
គួរបញ្ជាក់ផងដែរថា ថាមពល "អ៊ីដ្រូសែនបៃតង" ត្រូវបានផលិតឡើងដោយ ប្រើថាមពលអគ្គិសនី ដែលផលិតចេញពី ប្រភពថាមពលកកើតឡើងវិញ ដើម្បីបំបែកទឹកចូល ទៅក្នុងធាតុផ្សំពីរ គឺអ៊ីដ្រូសែន និងអុកស៊ីហ្សែន។ លើសពីនេះ អ៊ីដ្រូសែនមួយគីឡូក្រាម អាចបង្កើតបរិមាណកំដៅដូចគ្នា ទៅនឹងប្រេងឥន្ធនៈ 4 លីត្រ (1 ហ្គាឡុង) ហើយតម្លៃរបស់ថាមពឡ អ៊ីដ្រូសែនបៃតងនេះ ក៏មានតម្លៃធូរថ្លៃផងដែរ ហើយត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀត ប្រសិនបើវាត្រូវបាន ប្រើប្រាស់កាន់តែទូលំទូលាយ។