ការនាំចេញចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះប្រមាណ ៧% ក្នុងរយៈពេល ៧ខែមកនេះ


យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម បានបង្ហាញឱ្យដឹងថា ការនាំចេញទិន្នផល ផ្លែចេកស្រស់ របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ បានត្រឹមតែជាង ២៥ ម៉ឺនតោនប៉ុណ្ណោះ ដែលស្មើនឹងការធ្លាក់ចុះ ៧,២៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងចំនួនការនាំនេះ មានចំនួនប្រមាណ ២២ម៉ឺនតោន ត្រូវបាននាំចេញ ទៅប្រទេសចិន និងចំនួន ២ម៉ឺន ៤ពាន់តោន ត្រូវបាននាំចេញ ទៅប្រទេសវៀតណាម។

ដូចគ្នានេះដែរ សម្រាប់ទិន្នផល ផ្លែស្វាយស្រស់វិញ ដែលត្រូវបាននាំចេញរបស់កម្ពុជា មានចំនួនតែជាង ១១ម៉ឺនប៉ុណ្ណោះ ដែលជាការថយចុះ ២៦,៨៤% ហើយក្នុងនោះ ការនាំចេញទៅកាន់ ប្រទេសវៀតណាម ចំនួនជាង ៦ម៉ឺន២ពាន់តោន ប្រទេសថៃចំនួន ២ម៉ឺន៧ពាន់តោន ប្រទេសចិនចំនួនជាង ២ម៉ឺន៧ពាន់តោន ប្រទេសកូរ៉េជាង ១៦០តោន និងហុងកុង ចំនួនជាង ២តោន។

ចំណែកឯដំណាប់ស្វាយវិញ កម្ពុជានាំចេញបានចំនួនជាង ១ម៉ឺន៣ពាន់ ដែលជាការថយចុះ ២,២២% ក្នុងនោះ ៨៥% ត្រូវបាននាំចេញ ទៅប្រទេសចិន និង១៥% ត្រូវបាននាំចេញទៅថៃ ហ្វីលីពីន វៀតណាម ជប៉ុន រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីតាលី កូរ៉េ និងសហរដ្ឋអាមេរិក។ បើតាមក្រសួងកសិកម្មដដែល បង្ហាញថា ក្នុងរយៈពេល ៧ខែឆ្នាំនេះ ការនាំចេញកសិផល ក្រៅពីស្រូវ និងអង្ករ ទទួលបានចំណូលប្រមាណតែ ១.៧៥៥ លានដុល្លារអាមេរិក ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបាន នាំចេញទំនិញមានតម្លៃជាង ៥១៩លានដុល្លារ ទៅកាន់ប្រទេសចិន ដែលជាការថយចុះ ៦,៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងរយៈពេលដូចគ្នានេះដែរ ចិនបាន នាំចូលទំនិញមក កម្ពុជាវិញមានតម្លៃ ៤.៤៧០លានដុល្លារ កើនឡើង ៣១,៥% ដែលធ្វើឱ្យ ទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ មានទំហំជាង ៤.៩៩០លានដុល្លារ កើនឡើង ២៦,១%៕