កម្ពុជា ត្រៀមនឹងសាងសង់ ផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង) រហូតដល់ព្រំដែនកម្ពុជា-ថៃ


រាជរដ្ឋាភិបាលកម្ពុជា ត្រៀមនឹងសាងសង់ឡើងវិញ ផ្លូវជាតិលេខ៦៧ គិតចាប់ពីក្រុងសៀមរាប ទៅកាន់ស្រុកអន្លង់វែង រហូតទៅដល់ ច្រកព្រំដែនកម្ពុជា-ថៃ ជាំសាង៉ាំ (ខេត្តឧត្តរមានជ័យ-ខេត្តស៊ីសាកេត) ដោយទទួលកម្ចីឥណទាន ពីប្រទេសថៃ នៅចន្លោះឆ្នាំ ២០២៤-២០២៦។

លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានបង្ហាញថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័ត សំណើកម្ចីដល់ប្រទេសកម្ពុជា នូវទឹកប្រាក់សរុប ៩៨៣ លានបាត (ប្រហែល ២៧ លានដុល្លារ) ដែលនឹងត្រូវផ្ដល់ជូន នៅចន្លោះពីឆ្នាំ ២០២៤-២០២៦ ក្នុងនោះ ក្នុងដំណាក់កាលទី១ ទឹកប្រាក់កម្ចីមានចំនួន ៤៩១,៥ លានបាត (ប្រហែល ១៣,៥ លានដុល្លារ) ជាកម្ចីសម្រាប់ធ្វើអោយ ប្រសើរឡើងនូវ ផ្លូវជាតិលេខ៦៧ បំបែកចេញពីក្រុងសៀមរាប-ស្រុងអន្លង់វែង រហូតទៅដល់ ច្រកព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ជាំសាង៉ាំ (ខេត្តឧត្តរមានជ័យ-ខេត្តស៊ីសាកេត) ជាផ្លូវរបៀង សេដ្ឋកិច្ចអន្តរជាតិ ជើងភ្នំដងរែក តភ្ជាប់ជាមួយ តំបន់ប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ខេត្តសៀមរាបតែម្ដង។ ចំណែកកម្ចីដំណាក់កាលទី ២ ៤៩១,៥ លានបាត (ប្រហែល ១៣,៥ លានដុល្លារ) ផ្សេងទៀត នឹងមកផ្ដល់ជូន នៅឆ្នាំបន្ទាប់ គឺជាប្រភពនៃ កម្ចីឥណទានក្នុងស្រុក។

សម្រាប់គម្រោងសាងសង់ ផ្លូវជាតិលេខ៦៧ នេះ កម្ពុជា នឹងបញ្ជាទិញគ្រឿងសំណង់ វត្ថុធាតុដើមប្រមាណ ៥០% ពីប្រទេសថៃ ព្រមទាំងទទួលម៉ៅការ ដោយក្រុមហ៊ុនសាងសង់ ផ្លូវពីប្រទេសថៃ ផងដែរ។ ការធ្វើឲ្យប្រសើរឡើង នូវផ្លូវជាតិ ៦៧ កម្ពុជា រំពឹងអាចជួយ សម្រួលដល់ការ ដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋក្នុងតំបន់ តភ្ជាប់សេដ្ឋកិច្ច ពីខេត្តសៀមរាប ទៅកាន់ប្រទេសថៃ ព្រមទាំងជំរុញ វិស័យទេសចរណ៍ក្នុង តំបន់ប្រវត្តិសាស្ត្រផងដែរ ពីព្រោះ សៀមរាបជា ប៉ូលទេសចរណ៍ធំបំផុតមួយ ប្រចាំអាស៊ីអាគ្នេយ៍ ចំណែកស្រុកអន្លង់វែង ព្រំដែនកម្ពុជា-ថៃ ក៏ជាតំបន់យុទ្ធសាស្ត្រចុងក្រោយ នៃការដួលរលំ នៃរបបខ្មែរក្រហមនៅឆ្នាំ ១៩៩៨ ផងដែរ ដើម្បីកម្ពុជា រួបរួមតែមួយ និងកសាងសន្ដិភាព បានរហូតមកទល់សព្វថ្ងៃនេះ។