ស្ពានឆ្លងទន្លេចំនួន ៣ ទីតាំងទៀត នៅរាជធានីភ្នំពេញ រំពឹងអាចបើកការដ្ឋាន ចាប់ពីឆ្នាំក្រោយទៅ


តាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសម្ពោធ ការដ្ឋានសាងសង់ ស្ពានអាកាសចំនួន ២ កន្លែង នៅរាជធានីភ្នំពេញ សម្តេចតេជោ បានបង្ហាញនូវ គម្រោងសាងសង់ ស្ពានឆ្លងទន្លេចំនួន ៣ ទីតាំងទៀត ដើម្បីបំពេញតម្រូវការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ខណៈយានយន្ដ នៅរាជធានីភ្នំពេញ កំពុងកើនឡើង គួរអោយកត់សម្គាល់។

ស្ពានឆ្លងទន្លេចំនួន ៣ ទីតាំងដែល សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមានដូចជា៖

១. ស្ពានផ្សាររាត្រី-ជ្រោយចង្វារ-ស្វាយជ្រុំ ឬស្ពានជ្រោយចង្វារ-ស្វាយជ្រុំ
២. ស្ពានចាក់អង្រែ-ព្រែកប្រា
៣. ស្ពានក្ដីតាកុយ-អារិយក្សត្រ

ចំពោះគម្រោងសាងសង់ ស្ពានចាក់អង្រែ-ព្រែកប្រា អាចនឹងបើកការដ្ឋាន នៅឆ្នាំក្រោយនេះ ប្រសិនបើការចចារ តម្លៃសាងសង់ ជាមួយភាគីពាក់ព័ន្ធ ទទួលបានជោគជ័យ ពីព្រោះក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ការសិក្សា រួចរាល់ហើយ ដោយស្ពាននេះនឹងសាងសង់ ជាស្ពានមានទទឹងធំ ជាងគេបង្អស់ អាចបើកបរបាន ៤ គន្លងរថយន្ដ (២ ទៅ ២ មក) និងមានបណ្ដោយប្រវែង ៨៤៥ ម៉ែត្រ អាចនឹងជួយ រំដោះចរាចរណ៍រវាងផ្លូវជាតិលេខ២ និងខណ្ឌច្បារអំពៅ បានយ៉ាងមានប្រសិទ្ធភាព ត្បិតបច្ចុប្បន្ន យើងមានស្ពានព្រះមុនីវង្សចំនួន ២ ខ្សែ និងស្ពានព្រែកសំរោង ១ ខ្សែ ឆ្លងទន្លេបាសាក់ហើយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ ឆ្លើយតបទៅនឹង តម្រូវការនៃកំណើនប្រជាជន ក្នុងខណ្ឌច្បារអំពៅនៅឡើយ។

ចំណែកគម្រោង ស្ពានផ្សាររាត្រី-ជ្រោយចង្វារ-ស្វាយជ្រុំ ឬជ្រោយចង្វារ-ស្វាយជ្រុំ គឺជាស្ពានឆ្លងទន្លេសាប និងទន្លេមេគង្គ ដែលជាចំណុចសំខាន់បំផុត ដើម្បីដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ និងជួយសម្រួល ដល់ការធ្វើដំណើរ តាមសាឡាង បានមួយកម្រិតធំ ស្របពេលដែល តំបន់អារិយក្សត្រ មានការអភិវឌ្ឍន៍ និងអត្រាប្រជាជនរស់នៅ កើនឡើងទៀតនោះ។ ស្ពាននេះ សម្តេចតេជោ ហ៊ុន សែន បានចចារជាមួយ សាធារណរដ្ឋកូរ៉េ ដើម្បីជ្រើសរើស គម្រោងណាមួយសាងសង់ ហើយជាស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាលើកដំបូងផងដែរ។

ចុងក្រោយគឺស្ពានក្ដីតាកុយ-អារិយក្សត្រ ជាគម្រោង តភ្ជាប់ការធ្វើដំណើរ ពីផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ឆ្លងចូលទីក្រុងរណបកោះនរា និងឆ្ពោះទៅអរិយក្សត្រ ពោលស្ពានក្ដីតាកុយ-អារិយក្សត្រ បូកជាមួយស្ពានផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ បូកជាមួយស្ពានកោះពេជ្រ-កោះនរា ជាស្ពានដែលអាច ធ្វើដំណើរឆ្លង ទន្លេចតុមុខបានគ្រប់ទិស ទាំងទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់។ គម្រោងសាងសង់ ស្ពានក្ដីតាកុយ-អារិយក្សត្រ មិនទាន់ចេញគម្រូ នៅឡើយទេ ប៉ុន្តែអាចនឹង ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុន OCIC។