ក្នុងនាមអ្នកឈ្នះពានរង្វាន់ ការរចនា និងស្ថាបត្យកម្មសកលឆ្នាំ 2022 ក្នុងប្រភេទ Mix-Used ក្រុមហ៊ុនស្ថាបត្យកម្ម Dewan Architects + Engineers បានបង្ហាញនូវស្នាដៃ រចនាអគារមួយទៀត ដែលមានឈ្មោះថា Dragon Tower នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រចនាបថនៃអគារនេះ មានប្រវែងវែងខ្លាំង និងមានរូបរាង ដូចសត្វនាគមួយក្បាលអញ្ចឹង។ អគារត្រូវបានគេព្យាករណ៍ថា នឹងប្រែក្លាយជាអគារ សម្គាល់ប្រចាំប្រទេស របស់វៀតណាមតែម្ដង។
ជាមួយនឹងការរចនាឡើង ជាអគារប្រវែងវែងបែបនេះ Dragon Tower នឹងមានទំហំសរុប 700,000 ម៉ែត្រការ៉េ ហើយក៏នឹងក្លាយជា អគារវែងជាងគេបំផុត លើពិភពលោកផងដែរ។ ដោយឡែកសម្រាប់ ការរៀបចំខាងក្នុង នៃអគារនេះវិញ នឹងផ្តល់នូវ កន្លែងទទួលភ្ញៀវថ្នាក់រដ្ឋមន្ត្រី បន្ទប់ប្រជុំ និងទីសាធារណៈ រួមទាំងបន្ទប់ក្មេងលេង បណ្ណាល័យ ផ្សារទំនើប ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលសិក្សាជាដើម។ ក្រៅពីនេះ Dragon Tower មានអាងស្តុកទឹក និងផ្ទៃរាបស្មើពណ៌បៃតង ដើម្បីបង្កើនភាពទាក់ទាញ និងភាពងាយស្រួល ដល់អ្នកប្រើប្រាស់ផងដែរ។
អគារនេះត្រូវបានបែងចែក ជាពីរផ្នែកសំខាន់ៗ រួមានផ្នែកនៅជាន់ផ្ទាល់ដី ដែលមានអគារដ៏វែង គ្រប់ដណ្ដប់ដោយដំបូង រាងបត់បែនព័ណ៌មាស និងស្រកាដូចនាគ។ ចំណែកឯផ្នែកមួយទៀតគឺ នៅជាន់ក្រោមដែល រៀបចំឡើងសម្រាប់ ពហុមុខងារប្រើប្រាស់ផ្សេង រួមមានចំណតរថយន្ដជាដើម។
ចំណែកឯផ្នែកខាងមុខ នៃអគារនេះវិញ ត្រូវបានរចនាជាកូនប៉មមួយ ដែលតំណាងឲ្យក្បាលនាគ ហើយក៏ជាច្រកចូល សម្រាប់រដ្ឋមន្ត្រី ភ្ញៀវពិសេស និងឥស្សរជន ដែលមកទស្សនា អគារនេះជាដើម។ លើសពីនេះ គម្រោងនេះ ក៏នឹងតំណាងឱ្យ ប្រវត្តិសាស្ត្រវៀតណាម និងមហិច្ឆតាសម្រាប់អនាគត របស់ទីក្រុងហាណូយ ឲ្យក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងសេដ្ឋកិច្ចថ្មីមួយទៀត ផងដែរ។