អាជ្ញាធរកំពង់ផែនៃប្រទេសអារ៉ាបីសាអ៊ូឌីត Mawani ទើបតែបានចេញនូវគម្រោងអភិវឌ្ឍន៍ជាផ្លូវការមួយ គឺការសាងសង់តំបន់ឡូជីស្ទីកដ៏ធំដើម្បីបម្រើដល់ការដឹកជញ្ជូននិងស្ដុកទំនិញ មានទំហំជាង ២ លានម៉ែត្រការ៉េក្នុងដំណាក់កាលទីមួយ កំពង់ផែនៅទីក្រុង Jeddah ដែលជាទីក្រុងជាប់នឹងសមុទ្រក្រហម (Red Sea) ជាច្រកសំខាន់បំផុតរវាងទំនិញផ្លូវសមុទ្ររបស់សហព័ន្ធអារ៉ាប់រួម និងទ្វីបអាហ្វ្រិច ហើយគម្រោងនេះមានឈ្មោះថា Al Khomra។
ថ្លែងក្នុងសន្និសិទប្រកាសគម្រោងតំបន់ឡូជីស្ទីក Al Khomra លោក Al-Amudi ជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានបង្ហាញចំណាប់អារម្មណ៍ថា ការអភិវឌ្ឍន៍នេះនឹងផ្លាស់ប្ដូរមុខមាត់ទីក្រុង Jeddah ដោយសារតែទីក្រុងនេះមានភាពល្បីល្បាញខាងផ្នែកកំពង់ផែសមុទ្រស្រាប់ ហើយវិស័យឡូជីស្ទីកក្នុងប្រទេសនឹងពង្រឹងសេដ្ឋកិច្ចប្រទេសអារ៉ាបីសាអ៊ូឌីត ខណៈរដ្ឋាភិបាលកំពុងតែពង្រឹងដល់ការធ្វើជំនួញចម្រុះ ផលិតកម្ម និងវិស័យដឹកជញ្ជូនផងដែរ។
បើយោងតាមលោក Saad Bin Adbulaziz ម្ចាស់គម្រោងអភិវឌ្ឍន៍ឡូជីស្ទីក Al Khomra បានឲ្យដឹងថា គម្រោងនេះនឹងភ្ជាប់ផ្លូវសំខាន់ៗទៅកាន់ កំពង់ផែ Jeddah Islamic Port, អាកាសយានដ្ឋានអន្តរជាតិ King Abdulazi International Airport, បន្ថែមគម្រោងផ្លូវដែក Saudi Landbridge ភ្ជាប់ទៅកាន់ទីក្រុង Jeddah និងរាជធានី Riyadh ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញទៅទីក្រុង ហើយវានឹងក្ដោបយកពាណិជ្ជកម្មតាមផ្លូវទឹកនៅក្នុងប្រទេសអារ៉ាបីសាអ៊ូឌីតប្រមាណ ១៣% ឯណោះ។
គូសបញ្ជាក់ផងដែរថា វិស័យឡូជីស្ទីកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្នមានទំហំជាង ១៨,០០០ លានដុល្លារ ហើយពាណិជ្ជកម្មស្ទើរតែ ៩០% ត្រូវបានឆ្លងកាត់តាមសមុទ្រក្រហម Red Sea នេះ ចំណែកឯទីក្រុង Jeddah បានតួរនាទីយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មផ្លូវទឹកទាំងកំពង់ផែ និងឡូជីស្ទីក។ ម្យ៉ាងវិញទៀត ការអភិវឌ្ឍន៍នេះវាក៏ស្របជាមួយគម្រោងខ្សែក្រវ៉ាត់និងផ្លូវ BRI ផងដែរ ដូចនេះប្រទេសអារ៉ាបីសាអ៊ូឌីតនឹងដើរតួនាទីយ៉ាងសំខាន់នៅលើផ្លូវសូត្រភ្ជាប់ពីអាហ្វ្រិកទៅកាន់មជ្ឈឹមបូព៌ា និងអាស៊ីបាស៊ីហ្វិច។