ការមកដល់របស់អ្នកធ្វើដំណើរ តាមផ្លូវអាកាស ចូលមកកម្ពុជាកើនដល់ ១,១៣ លាននាក់ ត្រឹមរយៈពេល ៨ខែ


ភ្នំពេញ៖ ការមកដល់នៃ អ្នកធ្វើដំណើរតាមផ្លូវអាកាស ចូលមកកម្ពុជា គិតចាប់ពីខែមករា រហូតមកដល់ខែសីហា កន្លងទៅ មានការកើនឡើងប្រសើរជាងឆ្នាំមុន និងខ្ពស់ជាងតួលេខ ដែលបានរំពឹងទុកទៀតផង។ ការមកដល់នេះ រួមបញ្ចូលទាំងភ្ញៀវទេសចរ អ្នកធ្វើដំណើរ វិនិយោគិន និងជាច្រើនទៀត។

របាយការណ៍ចេញផ្សាយ ដោយអាកាសចរណ៍ស៊ីវិល (Civil Aviation) បានឱ្យដឹងថា ចំនួនមកដល់នៃ អ្នកធ្វើដំណើរតាមផ្លូវអាកាស តាមរយៈ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ កន្លែងរបស់កម្ពុជា មានការកើនឡើង ទៅដល់ចំនួន ១,១៣ លាននាក់ សម្រាប់រយៈពេល ៨ខែកន្លងទៅ។ ការកើនឡើងនេះ បើធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺជាអត្រាកើនឡើង ៦០០% ឯណោះ តែបើធៀបទៅនឹង តួលេខដូចគ្នា កាលពីឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺកូវីដ-១៩ ជាការធ្លាក់ចុះ ៧៦%។

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៥ បានបើកដំណើរការ ចាប់តាំងពីខែមករាមកម៉្លេះ ហើយបានធ្វើការហោះហើរ ទៅកាន់បរទេសសរុបបាន ១៥.៥២១ ជើង រួចមកហើយ កើនឡើង ១២៣% បើធៀបនឹងឆ្នាំមុន។ លោក សិន ចាន់សិរីវុទ្ធថា អនុរដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ដូច្នេះថា ការកើនឡើងដ៏ច្រើន តាមរយៈផ្លូវអាកាសនេះ ក៏ដោយសារតែកម្ពុជា បានប្រកាសបើក ដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ ដោយបើកច្រកទ្វារព្រំដែន ទទួលភ្ញៀវពីគ្រប់ទិសទី ស្របពេលពលរដ្ឋជាច្រើន បានទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។

ការមកដល់នេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងដោះស្រាយសម្ពាធ សេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជា ដោយក្នុងនោះវិស័យទេសចរណ៍ ទទួលបានផលប្រយោជន៍ ច្រើនជាងគេ ដោយភ្ញៀវទេសចរអន្តរជាតិ បានបន្តមកជាហូរហែ ភាគច្រើនមកពីសហរដ្ឋអាមេរិក ថៃ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌា។ ទន្ទឹមគ្នានោះដែរ ក្រសួងទេសចរណ៍ ក៏បានព្យាករណ៍ជាថ្មីថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកកំសាន្តនៅកម្ពុជា អាចកើនឡើង លើសពីតួលេខ ១លាននាក់ ក្នុងឆ្នាំនេះ ដោយចំនួននោះ អាចកើនទៅ ១,៥ ឬជិត ២លាននាក់ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២៕