កម្ពុជា បានទាក់ទាញជំនួយពី ស្ថាប័នក្រុមប្រឹក្សាទេសចរណ៍ពិភពលោក ដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ


កម្ពុជា បានពិភាក្សាជាមួយ ស្ថាប័នក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (World Travel and Tourism Council) ព្រមទាំងទាក់ទាញបាន ជំនួយបច្ចេកទេស ការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយ ពីទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ការសន្យាជួយគាំទ្រនេះ ធ្វើឡើងតាមរយៈជំនួប ពិភាក្សាការងាររវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោកស្រី ស្យូលា ស៊ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកា ប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក នាឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ (World Tourism Day 202) នាពេលថ្មីៗនេះ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។

នាឱកាសពិភាក្សានោះ ភាគីទាំងពីរបាន លើកឡើងអំពី កិច្ចសហប្រតិបត្តិការកន្លងមក លើវិស័យទេសចរណ៍។ យោងតាមកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្របតាមសំណើរបស់កម្ពុជា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក បានសន្យាផ្ដល់ជំនួយបច្ចេកទេស ជួយរៀបចំគណនី រណបទេសចរណ៍ (Tourism Satellite Account) ដើម្បីវាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ច ពីវិស័យទេសចរណ៍នៅកម្ពុជា។ លោកស្រីប្រធាន ស្យូលា ស៊ីមផ៍សុន បានសន្យាផ្ដល់ ការគាំទ្រដល់ ក្រសួងទេសចរណ៍កម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ ប្រព័ន្ធមូលដ្ឋានធានាចីរភាព ក្នុងសេវាកម្មសណ្ឋាគារ (Hotel Sustainability Basics)។ ក្រៅពីនេះ ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក ក៏នឹងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅទីផ្សារអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត និងផ្ដល់កិច្ចសហការ លើការអភិវឌ្ឍទេសចរណ៍ឌីជីថល ក៏ដូចជាអក្ខរកម្មឌីជីថល។

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក ក៏បានចែករំលែកបទពិសោធន៍ និងសារសំខាន់នៃ ការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងបរិបទកូវីដ-១៩ ដែលនិន្នាការទេសចរណ៍នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់។ លោកស្រី ស្យូលា ស៊ីមផ៍សុន បានកត់សម្គាល់អំពី ការចូលរួមដ៏សំខាន់ របស់វិស័យទេសចរណ៍ ក្នុងសេដ្ឋកិច្ចកម្ពុជា ហើយបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក វិស័យទេសចរណ៍និងធ្វើដំណើរកម្ពុជា មុនវិបត្តិកូវីដ-១៩ ឆ្នាំ២០១៩ ចូលរួមក្នុង ផលិតផលក្នុងស្រុកសរុប (GDP) ជាង ២៥%។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបដល់ ក្រុមប្រឹក្សាពិភពលោកនេះ អំពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោម ការចង្អុលបង្ហាញផ្ទាល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចាត់ទុក ការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីធានាបានភាពស៊ាំសហគមន៍ កម្ពុជាបានក្លាយជា ប្រទេសឈានមុខមួយ ក្នុងពិភពលោក ដែលបានបើកប្រទេសឡើងវិញ ជាពិសេសការដាក់ដំណើរការ សកម្មភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញ និងបើកប្រទេស ទទួលទេសចរចាក់វ៉ាក់សាំងពេញលេញ ចាប់ពីចុងឆ្នាំ ២០២១។

ឯកឧត្ដមបានបន្តថា ក្នុងដំណើរការស្ដារ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ កំពុងសហការជាមួយផ្នែកឯកជន និងភាគីពាក់ព័ន្ធ អនុវត្តផែនទីចង្អុលផ្លូវ ស្ដីពីការស្ដារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ យ៉ាងសកម្ម។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ជូន ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោកថា រយៈពេល ៩ ខែដើមឆ្នាំ ២០២២ នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅកម្ពុជា អាចឈានដល់ ១,២៥ លាននាក់ ក្នុងកំណើន ៨៥០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១៕