អត្រាអតិផរណា នៅក្នុងប្រទេសឡាវ បានកើនឡើងពី 30.01% កាលពីក្នុងខែសីហា ឆ្នាំ 2022 ដល់ចំនួន 34% នៅក្នុងខែកញ្ញា នេះបើយោងតាមការិយាល័យស្ថិតិឡាវ។ កម្រិតអតិផរណាឡើងខ្ពស់ ក្នុងរយៈពេល 22 ឆ្នាំកន្លង មកនេះ គឺបណ្តាលមកពី ការកើនឡើងនៃតម្លៃអាហារ ឱសថ ប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ផ្សេងៗទៀត។ អតិផរណាក្នុងប្រទេសឡាវ បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ 2021 មក ហើយឥឡូវនេះប្រទេសនេះ មានអត្រាអតិផរណា ខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមការិយាល័យស្ថិតិឡាវនេះ បានបន្តឱ្យដឹងថា ផលិតភាពទាប និងការពឹងផ្អែកខ្លាំង របស់ឡាវ ទៅលើការនាំចូលក៏ជាហេតុផល នៅពីក្រោយការកើនឡើង ជាបន្តបន្ទាប់នៃ សន្ទស្សន៍តម្លៃទំនិញ និងគ្រឿងប្រើប្រាស់ផងដែរ។ រូបិយប័ណ្ណគីប របស់ប្រទេសឡាវចុះខ្សោយ និងកំណើនតម្រូវការ រូបិយប័ណ្ណបរទេស ដែលត្រូវការដើម្បីនាំចូលទំនិញ និងការសងបំណុល ជាកត្តាជំរុញមួយទៀត នៃអតិផរណា។ ប្រាក់គីបនៅតែបន្តធ្លាក់ចុះ បើទោះបីជារដ្ឋាភិបាល បានព្យាយាមគ្រប់គ្រង អត្រាប្តូរប្រាក់ក៏ដោយ។
លើសពីនេះទៀត ទឹកជំនន់បានបំផ្លាញដំណាំ និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលជំរុញឱ្យមានតម្រូវការ អាហារកាន់តែច្រើន នៅទីផ្សារក្នុងស្រុក។ កាលពីក្នុងខែកញ្ញា តម្លៃអាហារ និងភេសជ្ជៈបានកើនឡើង 4.9% ពីមួយខែទៅមួយខែ និង 35.5% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការកើនឡើងតម្លៃក្នុង ប្រភេទនេះត្រូវបាន ជំរុញដោយតម្លៃអង្ករ ដែលឡើងថ្លៃ ព្រមទាំងបានកើនឡើង 45.3% ពីមួយឆ្នាំទៅមួយឆ្នាំ៕