ក្នុងរយៈពេល ១៥ ថ្ងៃ មានយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿង បានចរាចរណ៍លើ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ


បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ដោយរាប់ចាប់ពី ថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១៩០.៣៤៦គ្រឿង បានធ្វើចរាចរណ៍លើ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូល តាមស្ថានីយទាំង ០៨ ទីតាំង ខណៈដែលករណីគ្រោះថ្នាក់ មានត្រឹមតែ ០,០០៤% តែប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ ដែលបានកត់ត្រានេះ។

កំឡុងពេល ១៥ ថ្ងៃនេះដែរ ថ្ងៃដែលមានលំហូរចរាចរណ៍ មមាញឹកបំផុតគឺ ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃ ប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប ១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ហើយត្រូវ នឹងថ្ងៃសៅរ៍ ចុងសប្តាហ៍ផងដែរ។ ក្នុងថ្ងៃនោះ មានយានយន្តសរុបចំនួន ២១.៧៩៨គ្រឿង បានធ្វើដំណើរ លើផ្លូវល្បឿនលឿន។ សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿង ដែលបាន ចរាចរណ៍ក្នុងរយៈពេល ១៥ ថ្ងៃ ចុងក្រោយនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៥០៦ ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាម សេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះ គ្រប់លក្ខខណ្ឌក្នុងការបើកបរ លើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើរ របស់បងប្អូនប្រកបដោយ ភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕