ហុងកុង៖ តម្លៃទីផ្សារលំនៅដ្ឋានឯកជន នៅទីក្រុងហុងកុង ដែលជាទីក្រុងជួរមុខ ដែលមានតម្លៃអចលនទ្រព្យ ថ្លៃក្នុងពិភពលោក បានធ្លាក់ថ្លៃក្នុងអត្រា ២,១% កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ហើយតម្លៃលំនៅដ្ឋាននេះ ត្រូវបានព្យាករណ៍ថា នឹងអាចធ្លាក់ចុះដល់ទៅអត្រា ៨% សម្រាប់រយៈពេល ១២ ខែ នាឆ្នាំនេះ។
ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះ បានឱ្យដឹងថា តម្លៃលំនៅដ្ឋានឯកជន នៅក្នុងទីក្រុងហុងកុង បានបន្តធ្លាក់ថ្លៃ ដោយតម្លៃនោះបានចុះ ២,១% នាខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ បើធៀបទៅនឹងខែសីហា ជាការធ្លាក់ចុះតម្លៃខ្លាំង មិនធ្លាប់មាន គិតចាប់ពីខែមករា ឆ្នាំ២០១៩ មក ពោលគឺមុនពេលផ្ទុះជំងឺកូវីដ-១៩ ទៅទៀត។ ការធ្លាក់ចុះនេះ ត្រូវបានឱ្យដឹងថា មកពីការកើនឡើង នៃតម្លៃការប្រាក់ឥណទាន ក៏ដូចជាទស្សនវិស័យ នៃសេដ្ឋកិច្ចឆ្ពោះ ទៅកាន់ថ្ងៃអនាគត។
តាមការបញ្ជាក់ នៃតួលេខតម្លៃលំនៅដ្ឋាន បានបង្ហាញថា ខែកញ្ញា តម្លៃលំនៅដ្ឋានឯកជន ស្ថិតក្នុងតួលេខ ៣៦២,១ ធ្លាក់ចុះ ៩% ពី ៣៩៨,១ កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ ក្នុងនោះ លំនៅដ្ឋានឯកជន មានអាសយដ្ឋានស្ថិតក្នុង តំបន់ប្រមូលផ្ដុំ ពាណិជ្ជកម្មបានធ្លាក់ចុះ ៨,១% ក្នុងរយៈពេល ៩ ខែកន្លងទៅនេះ។ ម្យ៉ាងវិញទៀត ការតម្លើងតម្លៃប្រាក់កម្ចីឥណទាន ដើម្បីទិញលំនៅដ្ឋាន បានឡើងថ្លៃ ធ្វើឱ្យសេដ្ឋកិច្ចផ្ទៃក្នុងត្រូវ ប្រឈមមុខជាមួយ នឹងសម្ពាធ ដែលទាញឱ្យតម្លៃលំនៅដ្ឋាន ធ្លាក់ចុះជាបន្តទៀត ដោយតាមការព្យាករណ៍ អាចមានប្រហែល ៨% ទៅដល់ ១០%។
លោក Martin Wong អ្នកប្រឹក្សាយោបល់អចលនទ្រព្យ និងជាប្រធាន សិក្សាស្រាវជ្រាវអចលនទ្រព្យ នៃក្រុមហ៊ុន Knight Frank រំពឹងថា តម្លៃលំនៅដ្ឋាន នៅទីក្រុងហុងកុង នឹងបន្តធ្លាក់ថ្លៃបន្តទៀត តែស្ថិតក្នុងថេរវេលាមួយខ្លីប៉ុណ្ណោះ។ ការបន្តធ្លាក់ថ្លៃនេះ ក៏បានរួមចំណែកចេញពី ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនផងដែរ ហើយក៏នឹងធ្វើឱ្យចំនួន នៃការធ្វើលទ្ធកម្ម ឬការទិញលក់អចលនទ្រព្យ ធ្លាក់ចុះក្នុងកម្រិតមួយទាប ដែលមិនធ្លាប់មានក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយ៕