៩ខែ ឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១លាន ២០ម៉ឺននាក់ កើនឡើង ៨៦១%


ភ្នំពេញ៖ វិស័យទេសចរណ៍នៅកម្ពុជា ចាប់ផ្ដើមមានដង្ហើមឡើងវិញ ស្ថិតក្រោមកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ និងការជួយជ្រោមជ្រែង ពីសំណាក់ដៃគូជាតិ និងអន្តរជាតិជាច្រើន។ ការងើបឡើងវិញនេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា ការមកដល់នៃ ភ្ញៀវទេសចរអន្តរជាតិ មានដល់ទៅជាង ១លាន ២០ម៉ឺននាក់ សម្រាប់រយៈពេល ៩ខែ កន្លងទៅនេះ។

ស្ថិតក្នុងកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាពការងាររយៈពេល ៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការរួមគ្នាស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដែលប្រព្រឹត្តទៅ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការមកដល់នៃ ភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងរហូតដល់ទៅ ៨៦១% ឬជាង ១លាន ២០ម៉ឺននាក់ បើធៀបទៅនឹង រយៈពេលដូចគ្នានាឆ្នាំ២០២១ កន្លងទៅ។

ឯកឧត្ដម ថោង ខុន បានបញ្ជាក់បន្ថែមទៀតថា ចំពោះទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិសរុបប្រមាណ ៨,៤៤ លាននាក់ កើនឡើងក្នុងអត្រា ២៤៧% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ១,២លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ៦០៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ការកើនឡើងទាំងភ្ញៀវទេសចរ ពីខាងក្រៅ និងភ្ញៀវទេសចរ ផ្ទៃក្នុងនេះ ក៏ដោយសារតែ ការងារសម្រេចបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ តាមការកំណត់អំពី ផែនទីចង្អុលផ្លូវស្ដីពី ការស្ដារ និងលើកស្ទួយ វិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះដែរ កិច្ចប្រជុំ បានបើកកិច្ចពិភាក្សា និងត្រួតពិនិត្យមើលទៅលើ ចំណុចសំខាន់ៗចំនួន ២ រួមមានដូចជា ទី១៖ បច្ចុប្បន្នភាពការងាររយៈពេល ៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដោយគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ និង ទី២៖ ការងារមួយចំនួនពាក់ព័ន្ធនឹង សកម្មភាពយុទ្ធសាស្រ្តតាមផែនទីចង្អុលផ្លូវ និងបញ្ហាប្រឈមផ្សេងៗ ដែលត្រូវដោះស្រាយ។ ទាំង ២ ចំណុចសំខាន់ៗខាងលើនេះ ឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យ ធ្វើការសិក្សាបន្ថែមទៀត ដោយត្រូវគិតបញ្ចូល ទាំងសូចនាករថ្មីៗ ជាពិសេសគឺ បញ្ហាប្រឈម និងវិបត្តិជាសកល នាពេលបច្ចុប្បន្ន៕