ចិន ជោគជ័យបាញ់បង្ហោះផ្នែកបង្គុំចុងក្រោយ ដើម្បីបង្កើតស្ថានីយ៍អវកាសផ្ទាល់ខ្លួន ក្នុងលំហរ


ប៉េកាំង៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានសម្រេចបានលទ្ធផលជោគជ័យ បន្តបន្ទាប់ទៀតហើយ តាមរយៈការបាញ់បង្ហោះបំណែកចុងក្រោយ របស់យាន្ត Tiangong ដែលជាផ្នែកត្រូវយក ទៅបង្គុំជាន់គ្នា ដើម្បីបង្កើតបានជា ស្ថានីយ៍អវកាសដំបូង និងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ចិន។

បំណែកចុងក្រោយ ឬផ្នែកបង្គុំចុងក្រោយ នៃការស្ថាបនាស្ថានីយ៍អវកាស នៅក្នុងលំហរជាលើកដំបូងរបស់ចិន ត្រូវបានបាញ់បង្ហោះ ចូលទៅក្នុងស្ថានអវកាស បានដោយជោគជ័យហើយ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។ បំណែកចុងក្រោយនោះ មានឈ្មោះ Mengtian ឬហៅជាភាសាអង់គ្លេសថា (Dreaming of the heavens) ដែលត្រូវបានភ្ជាប់ ជាមួយគ្រាប់រ៉ុកកែត (March 5B) បាញ់បង្ហោះទៅកាន់ស្ថានអវកាស ស្ថិតនៅស្ថានីយ៍អវកាស លើដែនកោះហៃណាន (Hainan)។

យោងតាមប្រភពព័ត៌មាន ក្នុងស្រុករបស់ចិន ចេញផ្សាយកាលពី ម្សិលមិញនេះបានឱ្យដឹងថា Mengtian គឺជាផ្នែកបង្គុំចុងក្រោយ ដើម្បីសម្រេចបាន ឬបង្កើតបានជា ស្ថានីយ៍អវកាស ផ្ទាល់ខ្លួនរបស់ចិន ដែលបង្ហោះ និងអណ្ដែតខ្លួន នៅក្នុងទីអវកាស ដែលកាលពីពេលកន្លងទៅ ចិនបានសម្រេចជោគជ័យ ក្នុងការបាញ់បង្ហោះផ្នែកទី១ និងទី២ រួចរាល់ហើយ។ បំណែក ឬផ្នែកចុងក្រោយនេះ បានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដែលមិនធ្លាប់មាន និងជាស្ថានីយ៍អវកាសដំបូងគេ ដែលមាន (World First Space-Based cold atomic clock system)។

ក្រោយការបង្គុំ ផ្នែកចុងក្រោយនេះរួច ដែលនឹងត្រូវធ្វើឡើង បានដោយជោគជ័យ នាពេលខាងមុខ នឹងជម្រុញឱ្យកម្មវិធីអវកាសរបស់ចិន បោះជំហានទៅមុខ មួយកម្រិតទៀត និងសម្រួលទៅដល់ បេសសកម្មជាច្រើន នាថ្ងៃអនាគត ក្នុងការសិក្សា និងស្វែងយល់អំពីលំហរ និងភពជាច្រើនក្នុងចក្រវាល។ ម្យ៉ាងទៀត ក្រុមអ្នកវិទ្យាសាស្ត្ររបស់ចិន និងត្រូវបញ្ជូនទៅកាន់ ស្ថានីយ៍មួយនេះម្ដង ៣នាក់ វិលជុំ ដើម្បីបន្តបេសកកម្ម និងធ្វើតេស្ដទៅលើ បច្ចេកវិទ្យាថ្មីៗក្នុងលំហរជាដើម។

គួរបញ្ជាក់ផងដែរថា ចិនមានមហិច្ឆិតាធំ ក្នុងការប្រកួតប្រជែង លើការសិក្សាស្រាវជ្រាវ និងរុករកអាថ៍កំបាំងជាច្រើន របស់ចក្រវាល ដែលពីមុនមក ពុំទាន់មានសមត្ថភាព អាចធ្វើទៅបាន ឬតាមទាន់សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី។ តាមរយៈការបង្កើត ស្ថានីយ៍អវកាសដ៏ថ្មីស្រឡាងឈ្មោះថា (Tiangong Space Station)  ចិនត្រូវចំណាយថវិកា រាប់សិបពាន់លានដុល្លារ តែក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន មកវិញផងដែរ នូវស្ថានីយ៍ផ្ទាល់ខ្លួន និងពុំពឹងផ្អែកទៅលើ ស្ថានីយ៍អវកាសរបស់អាមេរិក ឬប្រទេសផ្សេងទៀត៕