កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃដំណើរការ សាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ។ អគារថ្មីក្រសួងមហាផ្ទៃ ដែលជាសំណង់សារធាណៈមួយ ស្ថិតលើកក្នុងបរិវេណ ក្រសួងមហាផ្ទៃដដែល បានសាងសង់សម្រេចបាន ៦០% ហើយ ដោយចំណាយថវិកាប្រមាណ ៦០លានដុល្លារអាមេរិក។
អញ្ជើញអមដំណើរ សម្ដេចក្រឡាហោម នាឱកាសនោះដែរ រួមមាន៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ ជាច្រើនរូបទៀត។ អគារទីស្តីការថ្មីនេះ សាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយគ្រោងចំណាយប្រមាណ ៦០ លានដុល្លារអាមេរិក។ បន្ទាប់ពីដំណើរការសាងសង់ បានប្រមាណ១ឆ្នាំ ពេលនេះសម្រេចបាន ៦០% ហើយ។ អគារនេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ ចំណតរថយន្តចំនួន ៣៣០គ្រឿង ។
ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្ត កំពូលប្រាំ និងជាអគាររដ្ឋបាលធំ ជាងគេនៅកម្ពុជា។ សូមជម្រាបថា នាឱកាសអញ្ជើញជួប សំណេះសំណាល និងផ្ដល់អំណោយជូន ក្រុមស្ថាបត្យករ វិស្វករ និងកម្មករ-កម្មការិនី កាលពីពេលកន្លងមក សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ ក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែង សាងសង់អគារ ប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់លឿន ជាងផែនការ និងប្រកបដោយគុណភាព។
សម្ដេចក្រឡហោម ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើយ៉ាងខ្លាំង ចំពោះក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលបានប្រឹងប្រែង បំពេញការងារ ដែលមិនមែនត្រឹមតែ បម្រើផលប្រយោជន៍ ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែបានគិតដល់ ផលប្រយោជន៍ជាតិរបស់យើង ព្រោះសំណង់អគារថ្មីនេះគឺជា ទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ន និងទៅអនាគត។»