ដើម្បីចូលរួមចំណែក ក្នុងវិស័យអប់រំ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំពិធី ផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង គិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) សម្រាប់ជួយសម្រួល ដល់ជីវភាពខ្វះខាត និងជាស្ពានចម្លងឆ្ពោះ ទៅកាន់អនាគតដ៏ភ្លឺស្វាង របស់ប្អូនៗថ្នាក់ទី១២ សរុបចំនួន ៥០នាក់ ដែលនឹងត្រៀមបន្ត ការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ ២០២៣។
ការចូលរួមផ្ដល់ អាហារូបករណ៍ចំនួន ៥០កន្លែងនេះ គឺជាការរួមចំណែកមួយ នៃវិស័យអប់រំ ដែលស្ថិតក្នុងចំណោម សសរស្ដម្ភធំៗទាំងបី នៃការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ៖ «ការងារបរិស្ថាន អប់រំ និង សង្គម»។
លោកជំទាវ ហុង ដានី អគ្គនាយិកា បុរី ប៉េង ហួត បានមានមតិសំណេះសំណាល យ៉ាងដូច្នេះថា៖ «ការផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រចំនួន ៥០កន្លែង ដល់ប្អូនៗសិស្សានុសិស្ស របស់អង្គការមូលនិធិកុមារកម្ពុជា គឺជាការចូលរួមក្នុងវិស័យអប់រំ ដែលជាសសរស្ដម្ភធំទី១ នៃកិច្ចការសង្គមរបស់ក្រុមហ៊ុន ដែលក្នុងនោះអាទិភាពរបស់យើង ក៏ស្របទៅនឹងគោលការណ៍ របស់អង្គការសហប្រជាជាតិផងដែរ ហើយយើងសង្ឃឹមថាប្អូនៗ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយជាទំពាំងស្នងឬស្សី ដើម្បីជួយខ្លួនឯង គ្រួសារនិងតបស្នង ដល់សង្គមយើងវិញ។»
លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិ នៃអង្គការមូលនិធិកុមារកម្ពុជា ក៏បានថ្លែងអំណរគុណដល់ ប៉េង ហួត គ្រុប ដោយសង្កត់ធ្ងន់ថា៖ «នេះគឺជាលើកទី១ ហើយសម្រាប់ អង្គការមូនិធិកុមារកម្ពុជា របស់យើងខ្ញុំ ដែលទទួលជំនួយអាហារូបករណ៍ ដ៏ធំដែលមិនធ្លាប់មានពីមុនមក ពីម្ចាស់ជំនួយ ក្នុងប្រទេសកម្ពុជា ខណៈដែលអាហារូបករណ៍ទាំងនេះ គឺជាស្ពានដើម្បីចម្លង កូនៗនៅទីនេះ ឱ្យទទួលបានការអប់រំ និងចំណេះដឹងកាន់តែខ្ពស់ ដើម្បីផ្លាស់ប្ដូរវាសនា ក៏ដូចជាបំពេញក្ដីសុបិន្ត របស់ពួកគេនាពេលអនាគត។»
លោកបន្ថែមទៀតថា នេះមិនមែនជាលើកទី១ ទេដែល ប៉េង ហួត គ្រុប បានផ្ដល់ជំនួយមកអង្គការយើងខ្ញុំ កន្លងមកក្រុមហ៊ុនក៏បាន នាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាជាច្រើន ចែកជូនដល់ក្រុមគ្រួសារក្រីក្រ ក្នុងសហគមន៍ និងកូនៗដែលកំពុងសិក្សា ក្រោមការផ្គត់ផ្គង់របស់ អង្គការមូលនិធិកុមារកម្ពុជា ផងដែរ។
សូមបញ្ជាក់ផងដែរ ប៉េង ហួត គ្រុប បានកំណត់អាទិភាព ការងារសង្គមរបស់ក្រុមហ៊ុន ដែលមានសសរស្ដម្ភធំ ៣ ហើយក៏ស្របទៅនឹង គោលការណ៍របស់ អង្គការសហប្រជាជាតិ ពោលគឺ៖ «ការងារបរិស្ថាន អប់រំ និង សង្គម។»
កន្លងមកតាមរយៈ ការងារសង្គមដែល ក្រុមហ៊ុនបានធ្វើរួមមាន៖ «ការចូលរួមបរិច្ចាគថវិកា ជារៀងរាល់ឆ្នាំជូន កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សមាគមសិល្បៈ និង កីឡា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបៃតង ប្រកបទៅដោយ ផាសុកភាពនៅគ្រប់គម្រោងរបស់បុរី ប៉េង ហួត និងការចូលរួមសហការលើកកម្ពស់ បរិស្ថានស្អាត ជាមួយក្រសួងបរិស្ថាន ការសាងសង់ផ្លូវថ្នល់ កសាងព្រះវិហារ កសាងផ្ទះជូនអតីតយុទ្ធជន និង យោធិនពិការ កសាងសាលារៀន ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ព្រមទាំងការឧបត្ថម្ភ សម្ភារៈសិក្សាដល់ សិស្សសាលាក្រីក្រនៅតាមបណ្តាខេត្តនានា»៕