ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង សម្រាប់រយៈពេល ១០ខែ កន្លងទៅនេះ មានសន្ទុះ និងល្បឿនប្រសើរជាងឆ្នាំមុនៗ ហើយត្រូវបានរំពឹងទុកថា នឹងកើនឡើងជាបន្តបន្ទាប់ទៀត នាឆ្នាំក្រោយៗ។ ជាក់ស្ដែង ១០ខែ កន្លងទៅទំហំពាណិជ្ជកម្ម គិតជាទឹកប្រាក់សម្រេចបាន សរុប ៩២០ លានដុល្លារអាមេរិក។
ការនាំចេញ និងនាំចូល មុខទំនិញ នៃទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង សម្រេចបានជាទឹកប្រាក់ប្រមាណ ៩២០ លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កន្លងទៅ នេះបើយោងតាមរបាយការណ៍ ចេញផ្សាយជាផ្លូវការរបស់ សមាគមន៍ពាណិជ្ជកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា (KITA)។ ការកើនឡើងដល់ចំនួនទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ កើនឡើង ១៦,៣% បើធៀបទៅនឹងរយៈពេល ១០ខែ កាលពីឆ្នាំ២០២១ កន្លងទៅ។
ជាក់ស្ដែង ការនាំចេញសរុបរបស់កម្ពុជា នារយៈពេល ១០ខែ កន្លងទៅនេះសម្រេចបាន ៣៤១លានដុល្លារអាមេរិក កើនឡើង ២០,៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ខណៈការនាំចូលពីកូរ៉េខាងត្បូងវិញ សរុបជាទឹកប្រាក់មាន ៥៧៩ លានដុល្លារអាមេរិក កើនឡើង ៨,១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះការនាំចេញ របស់កម្ពុជាទៅកូរ៉េខាងត្បូង ភាគច្រើនជាង ស្បែងជើង ផលិតផលធ្វើដំណើរផ្សេងៗ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិច កៅស៊ូ ក៏ដូចជាផលិតផលកសិកម្ម ជាដើម។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏ត្រៀមនឹងដាក់ឱ្យ អនុវត្តជាផ្លូវការ នូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នាចុងឆ្នាំនេះផងដែរ ដោយពឹងផ្អែកទៅលើ ស្ថានភាពសេដ្ឋកិច្ច រវាងប្រទេសជាតិទាំង ២។ តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនេះដែរ ក្ដីរំពឹងគឺនឹងជួយជម្រុញ ឱ្យការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំង ២ កាន់តែមានភាពងាយស្រួលឡើង ចំនាយតិច ចំនេញច្រើន ពិសេសគឺការលុបចោលនូវពន្ធ ៩៥,៦% សម្រាប់ការនាំចូល ផលិតផលកម្ពុជា ចូលទៅទីផ្សារកូរ៉េខាងត្បូង ខណៈកម្ពុជាលុបចោលពន្ធ ៩៣,៨% នៃការនាំចូល ផលិតផលកូរ៉េខាងត្បូង ចូលមកកម្ពុជាវិញ។
គួរបញ្ជាក់ថា ក្រៅពីក្ដីរំពឹងនៃការកើនឡើង ក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង កម្ពុជា ក៏រំពឹងផងដែរ នូវការចូលមកវិនិយោគ របស់វិនិយោគិនអន្តរជាតិ នៅកម្ពុជា សម្រាប់ឆ្នាំខាងមុខៗទៀត៕