យោងតាមសារាចរណែនាំស្ដីពី ការរៀបចំពិធីបុណ្យ "រំលឹកគុណអង្គរ" ដែលចេញផ្សាយ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឲ្យរៀបចំពិធីបុណ្យ រំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ ដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក សម្រាប់រយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ១៤, ១៥ និង ១៦ ក្នុងខែធ្នូ ខាងមុខនេះតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងបានគូស បញ្ជាក់ទៀតថា ការរៀបចំពិធីបុណ្យ រំលឹកគុណអង្គរនេះ នឹងត្រូវបានរៀបចំ ជារៀងរាល់ឆ្នាំតែម្ដង គិតចាប់ពីឆ្នាំ ២០២២ នេះតទៅ។
ស្របគ្នានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសារាចរណែនាំចំនួន ៤ ចំណុចសំខាន់ៗផងដែរ ដើម្បីធ្វើយ៉ាងណា ឲ្យពិធីបុណ្យនេះ អាចប្រព្រឹត្ដទៅបានយ៉ាងរលូន និងជោគជ័យ។ សារាចរណែនាំទាំងអស់នោះ មានដូចជា៖
១/ រៀបចំសកម្មភាពលម្អិត ពាក់ព័ន្ធនឹងពិធីបុណ្យនេះ ក្នុងនោះរួមមាន កម្មវិធីតាមថ្ងៃនីមួយៗ ទីតាំងប្រារព្ធពិធី សមាសភាពចូលរួម លិខិតអញ្ញើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹងនាំ និងលទ្ធភាពថវិកាជាដើម។
២/ រៀបចំសេចក្ដីជូនដំណឹង និងការសម្ភាសន៍ឥស្សរជន អ្នកជំនាញការជាតិ និងអន្ដរជាតិ ថ្នាក់ដឹកនាំពាក់ព័ន្ធ វិស័យឯកជន និងសាធារណជន តាមការចាំបាច់ រំលេចបង្ហាញអំពីសារសំខាន់ ខ្លឹមសារ និងគុណប្រយោជន៍ នៃការរៀបចំពិធីបុណ្យ ដើម្បីផ្សព្វផ្សាយតាមគ្រប់ធម្យោបាយ ជូនសាធារណជនជ្រាប ជាពិសេសយុវវ័យឲ្យកាន់តែ មានស្មារតីមុតមាំថែមទៀត ក្នុងការចូលរួមការថែរក្សា ការពារលើកតម្លៃ បេតិកភណ្ឌជាតិ និងចូលរួមឲ្យបានកុះករ។
៣/ រៀបចំដាក់តាំងបង្ហាញ នូវសមិទ្ធផលសម្រេចបាន នានារបស់ខ្លួន និងជាពិសេសសមិទ្ធផល សម្រេចបានជាមួយដៃគូជាតិ និងអន្ដរជាតិ នៅតាមទីតាំងសំខាន់ៗនានា ដើម្បីរំលេចឲ្យឃើញនូវ ការចូលរួមចំណែក ដ៏មានតម្លៃ ក្នុងកិច្ចថែរក្សា ការពារ និងអភិរក្សឲ្យបានគង់វង្ស នៃបេតិកភណ្ឌជាតិ។
៤/ ទំនាក់ទំនងជាមួយ អគ្គនាយដ្ឋាននានា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង/ស្ថាប័ន អាជ្ញាធរ/អង្គភាពរដ្ឋ និងឯកជនពាក់ព័ន្ធ ស្នើសុំកិច្ចសហការ ដើម្បីភាពជោគជ័យនៃពិធី ក៏ដូចជាកៀរគរប្រមែប្រមូល នូវធនធានបន្ថែម សម្រាប់ការរៀបចំពិធី ឲ្យកាន់តែសំបូរបែប និងអធិកអធម។